(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីដ៏សំខាន់ចាំបាច់ ក្នុងការអភិវឌ្ឍមូលធនធានមនុស្សឲ្យ មានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ និងមានសីលធម៌វិជ្ជាជីវៈ ដែលជាកត្តាកំណត់ក្នុងលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញវិនិយោគ សំដៅបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ បង្កើតការងារកាត់តែល្អ។
សារលិខិត ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាបច្ចេកទេស និងវិជ្ជាជីវៈ លើកទី១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីដ៏សំខាន់ចាំបាច់ ក្នុងការអភិវឌ្ឍមូលធនមនុស្សឲ្យមានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ និងមានសីលធម៌វិជ្ជាជីវៈ ដែលជាកក្តាកំណត់ក្នុងលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញវិនិយោគ សំដៅបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ បង្កើតការងារកាត់តែល្អ ទទួលបានប្រាក់ចំណូលប្រសើរឡើង និងរស់នៅក្នុងភាពសុខដុមរមនា»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា មូលធនដែលមានចំណេះដឹងជំនាញ គឺជាកត្តាកំណត់មួយក្នុងការជំរុញកម្ពុជាយើង ឱ្យឈានទៅសម្រេចបានជោគជ័យ នូវមហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលតែងតែ បានបន្តផ្តល់អាទិភាពកាន់តែខ្ពស់ លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ ឱ្យកាន់តែឆ្លើយតបបានទាន់ពេលវេលាតាមការប្រែប្រួល នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងតម្រូវការទីផ្សារការងារ សំដៅឈានទៅសម្រេចបាននូវក្តីប្រាថ្នា និងផ្តល់ជាឱកាសទីពីរជូនប្រជាពលរដ្ឋ ក្នុងការបន្តរៀនសូត្រលើកកម្ពស់សមត្ថភាពជំនាញពេញមួយជីវិត ដូចដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ និងទី៣ និងគោលនយោបាយជាតិថ្មីៗដូចជា គោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥៕