(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Panline Tamesis អ្នកសម្របសម្រូលប្រចាំតំបន់របស់អង្គការសហប្រជាជាតិ និងជាតំណាងប្រចាំតំបន់របស់ UNDP ទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅចំពោះមុខសម្ដេចក្រឡាហោម ស ខេង, លោកស្រី Panline Tamesis បានលើកឡើងថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនជាស្រេចដើម្បីជួយ ទៅតាមផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាខិតខំឲ្យកម្ពុជាសម្រេចបានទៅតាមគោលបំណងរបស់ខ្លួន ក្នុងការក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ និងសម្រេចបានយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ នៅឆ្នាំ២០១៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។
បន្ថែមពីនេះ តំណាងអង្គការសហប្រជាជាតិរូបនេះ ក៏បានធ្វើការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្រេចបាននូវតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ក៏ដូចជាការសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវគាំទ្រ និងអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានជួយរួមចំណែកដល់ការងារអភិវឌ្ឍ របស់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថា អង្គការប្រជាជាតិ នឹងបន្ដដើរតួនាទីរួមចំណែកក្នុងការជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជាជាបន្ដទៅទៀត។
សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើអង្គការសហប្រជាជាតិ បន្ដជួយគាំទ្រលើការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះនេះគឺជាការងារស្នួលមួយ ដើម្បីធ្វើយ៉ាងណាពង្រឹងដល់ការគ្រប់គ្រងនូវរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋាន ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ៕