(ភ្នំពេញ)៖ មេធាវី ឡុង សុធា ជាសមាជិកនៃក្រុមមេធាវីហ្គ្រេនដ៍ និងជាមេធាវីតំណាងដោយអាណត្ដិឲ្យលោកឧកញ៉ា លី ហួរ បានចេញមុខមកច្រានចោលទាំងស្រុង តាមការបទសម្ភាសន៍ផ្ទាល់ ជាមួយបណ្ដាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយតាម បណ្ដាញសង្គម និងព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចុះផ្សាយថា «ទីតាំងលួចដំឡើងរថយន្ដខុសច្បាប់មួយកន្លែង ដែលសមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបជារបស់ឧកញ៉ា លី ហួរ» គឺជារឿងមិនពិតឡើយ។
លោកមេធាវី ឡុង សុធា បានថ្លែងថា «ការចុះផ្សាយព័ត៌មានកន្លងមកនេះ ពុំបានឆ្លុះបញ្ចាំងពីធាតុពិតនៃសាច់រឿង ដែលបានកើតឡើង នាំឲ្យសាធារណជន មានការភ័ន្តច្រឡំ ហើយក៏បានធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ កិត្ដិយស និងសេចក្ដីថ្លៃថ្លូររបស់លោកឧកញ៉ា លី ហួរ ដែលជាអ្នកជំនួញស្អាតស្អំជាច្រើនមកនេះ។ ដូច្នេះ សូមប្រកាសថា ទីតាំងលួចដំឡើងរថយន្ដខុសច្បាប់ នៅឃ្លាំងលេខ ១៥B ផ្លូវ៥៩៨ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវនេះ មិនមែនជាអាជីវកម្មរបស់លោកឧកញ៉ា លី ហួរ ទេ ហើយក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឧកញ៉ា លី ហួរ ដែរ ធាតុពិតទីតាំងនេះ លោកឧកញ៉ា លី ហួរ បង្កើតឡើងមកដើម្បីឲ្យសាធារជនជួល សម្រាប់ធ្វើអាជីវកម្មតែប៉ុណ្ណោះ ។
លោកបន្ដថា «សម្រាប់ករណីខាងលើនេះ គឺបុគ្គលឈ្មោះ អោក សំអ័ង បានជួលពីលោកឧកញ៉ា ហើយបានចុះកិច្ចសន្យាជួលឃ្លាំង ដើម្បីបើកអាជីវកម្មលក់រថយន្ដ តែផ្ទុយទៅវិញ បុគ្គលនេះបែរជាធ្វើសកម្មភាពដំឡើងរថយន្ដខុសច្បាប់ទៅវិញ ហើយករណីនេះ សមត្ថកិច្ចក៏បាន ចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ទៅលើបុគ្គលនេះ ។ រីឯលោកឧកញ៉ា លី ហួរ ក៏បានប្រគល់សិទ្ធិឲ្យខ្ញុំ ចាត់វិធានការដំណើរការនីតិវិធីច្បាប់ចំពោះបុគ្គលឈ្មោះ អោក សំអ័ង នោះដែរ។ ចំណែកសារព័ត៌មានមួយចំនួន ដែលបានចេញផ្សាយព័ត៌មានមិនពិត សូមកែតម្រូវឡើងវិញឲ្យមានភាពត្រឹមត្រូវ ហើយបើមិនធ្វើការកែតម្រូវទេ យើងនឹងចាត់តាមនីតិវិធីច្បាប់»។
សូមស្ដាប់វីដេអូ ស្រាយបំភ្លឺ របស់មេធាវី ឡុង សុធា មានដូចខាងក្រោមនេះ៖