(ភ្នំពេញ)៖ ដើម្បីអបអរខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃពុធ១កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភ ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងរៀបចំអាហារថ្ងៃត្រង់ ជាលើកទី ៣ ដែលពិធីនេះ រៀបចំធ្វើជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦ មក ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេស សរុបចំនួន ២២៤នាក់ នៅក្នុងបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិគោកចំបក សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះកុមារទាំងអស់ និងថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក អ្នកស្ម័គ្រចិត្ត ដែលបានយកអស់កម្លាំងកាយ-ចិត្ត រួមចំណែកលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ ពិសេសជួយឱ្យកុមារពិការខ្សោយសតិបញ្ញាទាំងអស់ បានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានការចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ ផ្តល់ការអប់រំ ការបណ្តុះបណ្តាលសិល្បៈ។ល។
ជាមួយគ្នានោះ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ ភាពស្និទ្ធស្នាល ក្តីអាណិតស្រឡាញ់ លើកទឹកចិត្ត ហើយបានឧបត្ថម្ភជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៦ មក និងសូមជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ និងផ្តល់ក្តីសង្ឃឹមដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។
សូមបញ្ជាក់ថា អំណោយប្រគល់ជូនបុរីទារក និងកុមារជាតិ រួមមាន ៖ អង្ករ ២តោន មីយើង ៤០កេស ត្រីខ ៨កេស (ស្មើ ៨០០កំប៉ុង) ទឹកក្រូច ១៥កេស ទឹកសុទ្ធ ១៥កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប ប្រេងឆា ២៤ដប ម្សៅកូដូម៉ូ ៥កេស (ស្មើ ៣៦០កំប៉ុង) ផ្លែប៉ោម ២កេស នំក្រៀប ៨ថង់ ថវិកា ១០លានរៀល និងរៀបចំអាហារថ្ងៃត្រង់មួយពេល (មាន ២៤តុ)។ ដោយឡែក សម្រាប់ គ្រូ-បុគ្គលិក អ្នកស្ម័គ្រចិត្ត ចំនួន ៨៤នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០ម៉ឺនរៀល៕