(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
សេចក្តីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសហរដ្ឋអាមេរិកសម្រេចនេះ គឺជាការរំលោភច្បាប់ និងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ ពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងទៀតការសម្រេចដែលធ្វើឡើង តាមទំនើងចិត្ត របស់សហរដ្ឋអាមេរិកនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពិតជាពុំអាចទទួលយកបានឡើយ»។
ទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះ ហើយអំពានាវឱ្យក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយ មកលើសមាជិក នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗរបស់ កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕