(កំពង់ធំ)៖ នាព្រឹកថ្ងៃពុធ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងមន្រ្តីអនុសាខាស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចុះធ្វើការផ្សព្វផ្សាយអំពីអនាម័យទឹកស្អាត ក្នុងគ្រោះអាសន្ន ដល់ប្រជាពលរដ្ឋនៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងពិធីចុះធ្វើការផ្សព្វផ្សាយនេះដែរ មន្រ្តីសាខា និងអនុសាខាបានធ្វើការផ្សព្វផ្សាយអំពីផ្លូវចម្លងរោគសំខាន់ៗ និងវិធីទប់ស្កាត់ រួមទាំងការធ្វើទឹកឲ្យស្អាត និងទុកដាក់ទឹកផឹកឲ្យមានសុវត្តិភាព តាមគ្រួសារក្រោយពីការផ្សព្វផ្សាយរួចមក ដើម្បីឲ្យពួកគាត់កាន់តែយល់ច្បាស់ ក៏បានបែងចែកគាត់ជាពីរក្រុម ដោយប្រើសន្លឹកខិតប័ណ្ណជ្រើសរើសឥរិយាបទល្អ និងឥរិយាបទមិនល្អ ដើម្បីកែតម្រូវនូវអ្វីដែលជាការអនុវត្តន៍កន្លងមកក្នុងនោះ ដោយមានការចូលរួមមតិយោបល់ និងលើកយកឧទាហរណ៍ជាក់ស្តែងមកពិភាក្សាផងដែរ។
ក្នុងឱកាសនោះដែរ មន្ត្រីសាខា បានធ្វើការផ្សព្វផ្សាយក្មុងការលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះ សុខភាពមាតា ទារក និងកុមារដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក ពិសេស ដើម្បីរួមចំណែកគាំទ្រក្រោមប្រធានបទ «ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ» ដោយក្នុងនោះរួមមាន៖
* សូមឲ្យស្រ្តីមានផ្ទៃពោះទាំងអស់ អញ្ជើញទៅពិនិត្យសុខភាពជួបជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតតាមការកំណត់ឲ្យបានទៀងទាត់។
* សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ និងឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ
* សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ និងកូន និងទទួលថ្នាំបង្ការ១១មុខ តាមការណែនាំ និងតាមការកំណត់របស់គ្រូពេទ្យ។
* សូមបំបៅទារកដោយទឹកដោះម្តាយតែ១មុខ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ។
* សម្រាក់ក្នុងមុងជាប្រចាំ ដើម្បីជៀសផុតពីជំងឺគ្រុនឈាមផងដែរ៕