(ត្បូងឃ្មុំ)៖ ដើម្បីជៀសវាងឲ្យបានដាច់ខាត ការចរាចរណ៍លក់បន្លែផ្លែឈើ ដែលខូចគុណភាព ជាពិសេសផ្ទុកនូវសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព អ្នកទទួលទាននោះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងកម្លាំងសន្តិសុខផ្សារ បានបន្តចុះត្រួតពិនិត្យបន្លែផ្លែឈើត្រីសាច់ និងម្ហូបអារហារ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន នៅក្នុងផ្សារសួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បន្ទាប់ពីធ្វើការវិភាគភ្លាមៗ ដោយរថយន្តមន្ទីរពិសោធន៍ចល័តរបស់កាំកុងត្រូល លើគំរូបន្លែផ្លែឈើត្រីសាច់ចំនួន២២មុខ ដែលកំពុងលក់ដូរ ក្នុងទីតាំងផ្សារសួង រួមមាន៖ ត្រសក់, ឆៃថាវ, ស្នៀតពោត, ក្រូច, ម្ទេសប្លោកក្រហម, ស្រកានាគ, មង្ឃុត, សណ្តែកបណ្តុះ, គូលេន, មៀន, មីលឿង (ស្រស់), មីលឿង, ប្រហុក, យ៉ីហឺ, នុយ (ពណ៍ស), ប្រហិតសាច់គោ, ជ្រក់ត្រសក់, ស្ករត្នោត, បង្គារ និងមឹក ដោយបានប្រទះឃើញ សំណល់ថ្នាំកសិកម្មនៅលើម្ទេសប្លោកក្រហម ដែលវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
លោកបានបញ្ជាក់ថា បន្ទាប់ពីពិនិត្យ និងវិភាគឃើញជាក់ស្តែង មន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការដកហូតភ្លាមៗ ម្ទេសប្លោកក្រហមចំនួន ៥គីឡូក្រាម ដែលផ្ទុកសារធាតុគីមី ដើម្បីយកទៅកម្ទេចចោល ព្រមទាំងបានណែនាំ អប់រំ និងធ្វើកិច្ចសន្យាជាមួយអាជីវករផងដែរ។
លោក មាស មោរ៉ា បានឲ្យដឹងទៀតថា មន្ត្រីកាំកុងត្រូលខេត្ត នឹងបន្តតាមដានស្វែងរកប្រភព ដែលប្រមូលព័ត៌មានពីទីផ្សារ ក្នុងន័យធ្វើយ៉ាងណាធ្វើការទប់ស្កាត់ និងបង្រ្កាបឲ្យខានតែបាន ដោយចាត់វិធានការទៅតាមផ្លូវច្បាប់៕