(កំពង់ឆ្នាំង)៖ ដោយមានកិច្ចសម្របសម្រួលពីរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីផ្សព្វផ្សាយអំពី យន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម, ស្នើសុំកិច្ចសហការណ៍ពីអាជ្ញាធរមូលដ្ឋាន ឃុំ-ស្រុក លើការដឹកជញ្ជូនស្រូវ កសិផល និងការអនុវត្ត កម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។
ក្នុងកម្មវិធីផ្សព្វផ្សាយខាងលើនេះ មានការអញ្ជើញចូលរួមពី លោក ឈួរ ច័ន្ឌឌឿន អភិបាលខេត្តកំពង់ឆ្នាំង, អភិបាលស្រុក-រងស្រុក ជុំវិញខេត្ត, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីពាក់ព័ន្ធជុំវិញខេត្ត និងតំណាងសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។
បន្ទាប់ពីបទអន្តរាគមន៍ស្វាគមន៍ របស់លោកអភិបាលខេត្តរួចមក លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការជម្រាបជូនអង្គប្រជុំថា ធនាគារអភិវឌ្ឍន៍ជនបទ គឺជាធនាគាររបស់រដ្ឋតែមួយ គាត់ដែលដើរតួនាទី បម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកំពស់សេដ្ឋកិច្ចសង្គមជនបទ។
ដោយមានភាពជឿជាក់ និងការទុកចិត្តខ្ពស់ រាជរដ្ឋាភិបាល បានទំលាក់នូវកញ្ចប់ឥណទាន ពិសេសជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្តល់ជូនដល់វិស័យមីក្រូហិរញ្ញវត្ថុឯកជន រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ សមាគមន៍កសិកម្មជាដើម ដោយកំណត់យកអត្រាការប្រាក់ទាប។
ជាក់ស្តែងលោកបានរំលឹកជូនអង្គប្រជុំបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០១៦ តំលៃស្រូវ បានធ្លាក់ចុះយ៉ាងកំហុក ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាកសិករ រហូតដល់តំបន់ខ្លះ បានយកស្រូវមកចាក់លើផ្លូវជាតិ ដើម្បីជាសារជូនដល់រាជរដ្ឋាភិបាល ដើម្បីជួយរកដំណោះស្រាយ។ ភ្លាមៗនោះ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះជីវភាពប្រជាកសិករ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការបន្ទាន់ ដើម្បីធ្វើឲ្យតំលៃស្រូវ មានស្ថិរភាពឡើងវិញ ហើយមកដល់បច្ចុប្បន្ននេះ យើងសង្កេតឃើញថា តំលៃស្រូវមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ និងលក់ដូរតាមតំលៃទីផ្សារ។
ជាព័ត៌មានបន្ថែមដល់អង្គប្រជុំ ចំពោះដំណោះស្រាយយូរអង្វែង រាជរដ្ឋាភិបាលបានទំលាក់នូវឥណទានពិសេស មកធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករអនុវត្តគម្រោងផ្តល់ឥណទាន ជូនក្រុមហ៊ុនឯកជនធ្វើការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣,០០០តោន ក្នុងមួយថ្ងៃ។
លោកបន្ដថា នៅតំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង មានលទ្ធភាពស្តុកស្រូវ បាន៥ម៉ឺនតោន និងឡសំងួតស្រូវ១,៥០០តោន ក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ដែលមានស្រាប់ ដែលមានលទ្ធភាពគ្រប់គ្រាន់ ធ្វើការទិញស្រូវក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ រាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ឥណទានពិសេស ដល់ធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់ជូនដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ដោយដាក់ស្តុកស្រូវធ្វើជាវត្ថុធានាបំណុល ដើម្បីធ្វើការ ប្រមូលទិញស្រូវ ពីប្រជាកសិករតាមតំលៃទីផ្សារ។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីបន្តនិរន្តរភាព ស្ថិរភាពថ្លៃស្រូវ និងលើកកំពស់ជីវភាពប្រជាកសិករ លោក កៅ ថាច បានជំរុញ និងសំណូមពរ អាជ្ញាធរឃុំ ស្រុក និងមន្ទីពាក់ព័ន្ធជុំវិញខេត្ត ឲ្យចូលរួមជាមួយធនាគារអភិវឌ្ឍន៍ជនបទ ជាមួយរាជរដ្ឋាភិបាល៖
១៖ ជួយផ្សព្វផ្សាយអំពីកម្មវិធីឥណទានពិសេស របស់រាជរដ្ឋាភិបាល និងគម្រោងអន្តរគមន៍របស់រាជរដ្ឋាភិបាល ឲ្យបានទូលំទូលាយដល់ប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ ជាដើម និងសូមជួយសម្រួល ដល់ការដឹកជញ្ជូនស្រូវពីស្រែ របស់ប្រជាកសិករ ដែលនៅឆ្ងាយៗ មកកាន់កន្លែងលក់ ឬ បើអាចសូមផ្តល់ទីតាំងផ្សេងៗ សម្រាប់ការទិញ-លក់ស្រូវ ឬ ជួយដឹកមកទីតាំងរោងម៉ាស៊ីនផ្ទាល់ ជាពិសេសរោងម៉ាស៊ីន ដែលទទួលឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ។
ចំពោះរដូវប្រមូលផលស្រូវជិតមកដល់ខាងមុខ សូមអាជ្ញាធរមូលដ្ឋាន ជួយរៀបចំតារាងពេលវេលា សម្រាប់ច្រូតកាត់ដល់កសិករ កុំឲ្យច្រូតកាត់ជាកំហុក ដែលអាចនាំឲ្យពិបាកក្នុងការដឹកជញ្ជូនការសំងួត ក្នុងករណីឡសំងួត និងឃ្លាំងស្តុកស្រូវ ក្នុងតំបន់មានកម្រិត និងអាចធ្វើឲ្យមានការបង្អាប់តំលៃ ពីឈ្មួញកណ្តាលក្នុងករណីស្រូវជន់ច្រើន និងអាចខូចតំលៃលើទីផ្សារ។
២៖ ជួយជំរុញឲ្យកសិករ ក្នុងតំបន់ដាំស្រូវសែនក្រអូបឲ្យបានច្រើន ព្រោះវាតំលៃថ្លៃនៅលើទីផ្សារអន្តរជាតិ និងមានតម្រូវការច្រើនសម្រាប់នាំចេញ ជាពិសេសយើងមានរោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូរបស់ធនាគារអភិវឌ្ឍន៍ជនបទ រង់ចាំទទួលទិញតាមតំលៃទីផ្សារ។
៣៖ ជួយជំរុញឲ្យមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ ដល់ប្រជាកសិករអំពីកិច្ចសន្យាកសិកម្ម និងជំរុញឲ្យមានការចងក្រងសហគមន៍កសិកម្ម ឲ្យបានទូលំទូលាយ ទាំងសហគមន៍ផលិតស្រូវ ដាំដុះបន្លៃសុវត្តិភាព ការចញ្ចឹមសត្វជាដើម ហើយធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ឥណទានជូនដោយអត្រាការប្រាក់ទាប ក្នុងករណីសហគមន៍ទាំងនោះ មានតម្រូវការ។
លោក កៅ ថាច បានសំណូមពរដល់អង្គប្រជុំ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ បន្តការអភិវឌ្ឍជាតិ សមធម៌ប្រជាជន និងស្ថិរភាពនយោបាយ។
ដោយមានការសំណូមពរ ពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់លោក កៅ ថាច បានឧបត្ថម្ភកំព្យួទ័រចំនួន៧គ្រឿង ជូនដល់សហគមន៍ចំនួន៧ ដែលជាសមាជិករបស់អង្គការ Hiefer International និងបានស្នើសុំដល់បងប្អូន ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ទាំងអស់គ្នាផងដែរ៕