(កំពង់ធំ)៖ នៅព្រឹកទី១៣ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី អមដំណើរដោយលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកប្រាសាទសំបូរ រួមជាមួយអាជ្ញាធរដែនដីភូមិ-ឃុំស្រុក បានបន្តទៅប្រគល់ផ្ទះថ្មី ដែលជាខ្នងផ្ទះទី៧៥ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនលោក ព្រំ ទុន ជាគ្រួសារយុទ្ឋជនពលី រស់នៅភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ព្រំ ទុន អាយុ៧១ឆ្នាំ មានកូន០៥នាក់ នៅក្នុងបន្ទុក (មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ)មានមុខរបរធ្វើស្រែ លោកត្រូវជាឪពុកយុទ្ធជនពលីឈ្មោះទួន ម៉ៅ លោកព្រិន្ទបាលទោ ទួន ម៉ៅ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ មានតួនាទីជាមេបញ្ជាការរង.ខ១ គ៣ នៃអង្គភាព វរៈសេនាតូចលេខ៣០ នៃយោធាខេត្តកំពង់ធំ ក្នុងសម័យរដ្ឋកម្ពុជា។ ព្រិន្ទបាលទោ ទួន ម៉ៅ បានពលីជីវិតនៅក្នុងសមរភូមិស្រុកស្ទោង ខេត្តកំពង់ធំ នៅឆ្នាំ១៩៩២។
លោក សោម ស៊ុន បានឱ្យដឹងថាផ្ទះថ្មីនេះ មានទំហំ ៦ម៉ែត្រx៤ម៉ែត្រ សាងសង់អំពីឈើ ដំបូលនិងជញ្ជាំងសង្ក័សី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ ៦,៤៦៥,០០០ រៀល ( គិតទាំងថ្លៃឈ្នួលជាង )។ ក្នុងពិធីប្រគល់ផ្ទះថ្មីនេះដែរលោក និងក្រុមការងារសមាគមអតីតយុទ្ធជនខេត្ត បាននាំយកអំណោយរបស់សម្តេចតេជោ ទៅជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករ ៥០ គីឡូក្រាម មីយើង០២ កេស ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ ត្រីខកំប៉ុង០១យួរ មុងជ្រលក់ថ្នាំចំនួន០១ និងថវិកា ២៨០,០០០ រៀល។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក ព្រំ ទុន មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ហើយសូមដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត៕