(ភ្នំពេញ)៖ គុនខ្មែរកីឡាករជម្រើសជាតិ ធឿន ធារ៉ា នឹងប៉ះជើងខ្លាំងដែលជាម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ៧ របស់ថៃ ចៃស៊ូ ស.ខាំស៊ីង ក្នុងកម្មវិធីប្រកួតគូមិត្តភាពពានរង្វាន់អន្តរជាតិកម្ពុជា-ថៃ កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម នាថ្ងៃអាទិត្យទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅសង្វៀន CNC។
ធឿន ធារ៉ា ធ្លាប់ប្រកួតបាន១៧៥ដង ឈ្នះ៤៧ដង ចាញ់១៧ដង ស្មើ១ដង និងជាសិស្សមកពីក្លឹបប្រដាល់ក្រសួងកសិកម្ម ហើយនេះជាលើកទី២ផងដែរ ដែលកីឡាករជម្រើសជាតិគុនខ្មែរម្នាក់នេះទៅបង្ហាញក្បាច់គុនលើសង្វៀនប្រដាល់ស្ថានីយន៍ទូរទស្សន៍ CNC ខណៈលើកទី១ គេមកប្រកួតឈ្នះកីឡាករ២រូប ក្នុងយប់តែមួយពោលគឺឈ្នះកីឡាករបារាំង Julien Tor.Phittakchai ដោយពិន្ទុ និងឈ្នះកីឡាករថៃ ស៊ីងដាំ ប៉.យុទ្ធភូមិ ក្នុងទឹកទី៣ ដោយទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារទៀតផង។
សូមបញ្ជាក់ផងដែរថា កីឡាករ ធឿន ធារ៉ា កាលពីដើមខែឧសភាកន្លងទៅ អ្នកប្រដាល់ក្លឹបក្រសួងកសិកម្មរូបនេះបានប្រកួតចាញ់កីឡាករថៃ Kiti Taksinrayong នៅទឹកដីនៃខេត្តផាតទីយ៉ា ហើយបច្ចុប្បន្ន ធារ៉ា កំពុងហ្វឹកហាត់ក្នុងជំរុំជម្រើសជាតិគុនខ្មែរ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិឡាំពិក ជាមួយនឹងគ្រូជម្រើសជាតិដូចជា លោក អេ ភូថង លោក ឡុង សាវ័ន្ត និងគ្រូផ្សេងៗមួយចំនួនទៀត៕