(កំពង់ចាម)៖ ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពសម្លេងយុជនខ្មែរ លោក ឡុង សុផាត បានលើកឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យការងារជាច្រើនដូចជា ប្រាក់ឈ្នូលអប្បរមា ត្រូវបានតម្លើងជារៀងរាល់ឆ្នាំ ស្រ្តីមានផ្ទៃពោះនៅពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភការទទួលពិនិត្យសុខភាព និងការជិះឡានក្រុងដោយមិនគិតថវិកាជាដើម។
បើតាមលោក ឡុង សុផាត កាយវិកាទាំងអស់នេះ បានបង្ហាញឲ្យឃើញថា មានតែសម្តេចតេជោ ហ៊ុន សែន តែមួយគត់ជាអ្នកស្វែងរកសន្តិភាព ជូនដល់ប្រទេសជាតិទាំងមូល ជាពិសេសបានជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ឲ្យកាន់តែខិតទៅជិតប្រពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគេទទួលបានឱកាសការងារកាន់តែច្រើន។
ទាក់ទិននឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិការទី៦ខាងមុខនេះ លោក ឡុង សាផាត ព្រមទាំងតំណាងសហជីពមូលដ្ឋាន បានអំពាវនាវស្រដៀងគ្នាថា សូមឲ្យកម្មករនិយោជិត មានការជឿជាក់រាជរដ្ឋាភិបាល ពិតជាមានការអភិវឌ្ឍន៍ ហើយមានសម្តេចតេជោ គឺបានធ្វើកម្មករនិយោជិតទទួលអត្ថប្រយោជន៍ ក្នុងការងារឥតឈប់ឈរ មានសន្តិភាព និងសេរីពេញលេញ ដូចនេះសូមកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា។
ចំណែកតំណាងកម្មករ កម្មការិនីនៅតាមមូលដ្ឋានជាច្រើននាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រផលិត ស្បែកជើងខាលីនតុន ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក៏បានបញ្ចេញចំណាប់អារម្មណ៍ និងគោលជំហរស្រដៀងគ្នាថា នៅក្នុងឱកាសបោះឆ្នោតខាងមុខនេះ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងថា នឹងទៅបោះឆ្នោតទាំងអស់គ្នា។
កម្មករនិយោជិតទាំងនោះ បានលើកឡើងថា មានសម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍ និងពិតជាបានផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញអភិវឌ្ឍន៍រោងចក្រដល់មូលដ្ឋាន គឺបានធ្វើឲ្យពួកគាត់សប្បាយចិត្ត ព្រោះមានរោងចក្រនៅជិត ចំណេញទាំងពេលវេលា និងថវិកាជាច្រើន និងការរស់នៅជួបជុំគ្រួសារជាដើម កត្តាទាំងនេះ បានធ្វើឲ្យពួកគាត់បានចាក់ឬសចាក់គល់ និងមានភាពជឿជាក់យ៉ាងខ្លាំងក្នុងការ ដឹកនាំរបស់សម្តេចក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត៕