(ភ្នំពេញ)៖ បន្ទាប់ពីបើកទទួលពាក្យ ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៨ (Cambodia ICT Awards 2018) ដោយទទួលបានការចុះឈ្មោះចូលរួមយ៉ាងច្រើនកុះកររួចមក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលជាអ្នករៀបចំកម្មវិធីនេះ បានរកឃើញបេក្ខជនចំនួន២០រូប ដើម្បីឆ្លងទៅចូលរួមប្រកួតប្រជែង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តហើយ។
ការប្រកួតប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ នៅវិទ្យាស្ថានជាតិ NIPTICT ខាងលិចជាប់នឹងទីស្តីការគណៈរដ្ឋមន្ត្រី។
តំណាងអ្នករៀបចំកម្មវិធីបានបញ្ជាក់ថា បេក្ខជនទាំងចំនួន២០រូបនេះ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្នុងចំណោមបេក្ខជនទាំងអស់ចំនួន២៤។
បេក្ខជនដែលចូលរួមបានដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យផ្សេងៗចំនួន៦ រួមមាន៖ ការចាប់ផ្តើមធុរកិច្ច, មាតិកាឌីជីថល, វិស័យឯកជន, ការទទួលខុសត្រូវក្នុងសង្គម, វិស័យសាធារណៈនិងការស្រាវជ្រាវ និងអភិវឌ្ឍ។
បន្ទាប់ពីជម្រុះជុំទី១ បេក្ខជនដែលជាប់វគ្គជម្រុះទាំងអស់ នឹងត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញ អំពីគម្រោងរបស់ពួកគេទៅកាន់ ចៅក្រមដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ មានតែបេក្ខជនចំនួន១២តែប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសចូលប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត។
សូមជម្រាបថា ចាប់ពីឆ្នាំ ២០១៥ វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា នេះឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ ម្ចាស់ជ័យលាភីចំនួន៣រូប នឹងទទួលពានរង្វាន់ជាទឹកប្រាក់រហូត ដល់ទៅ ១ម៉ឺនដុល្លារ សម្រាប់ជ័យលាភីលេខ១, ៣ពាន់ដុល្លារ សម្រាប់ជ័យលាភីលេខ២ និង ២ពាន់ដុល្លារ សម្រាប់ជ័យលាភីលេខ៣។ រីឯជ័យលាភីល្អផ្តាច់គេក្នុងវិស័យនីមួយៗនឹងទទួលពានរង្វាន់ជាទឹកប្រាក់ ២ពាន់ដុល្លារ ដែលពានរង្វាន់នេះ នឹងជួយឱ្យអាជីវកម្មរបស់ពួកគេឈានឡើង បានមួយកម្រិតទៀត។ រង្វាន់មិនត្រូវបានផ្តល់ជូនត្រួតគ្នាសម្រាប់ម្ចាស់ជ័យលាភីឡើយ។ ម្ចាស់ជ័យលាភីទទួលបានតែរង្វាន់ធំបំផុតតែមួយគត់។
សូមជម្រាបថា អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជា MEDIA SPONSOR ក្នុងកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៨នេះផងដែរ។ គិតទាំងឆ្នាំនេះ Fresh News បានចូលរួមផ្សព្វផ្សាយកម្មវិធីនេះរយៈពេល៣ឆ្នាំមកហើយ។
សម្រាប់ព័ត៌មានលម្អិតនៃការប្រកួតប្រជែងនេះសូមចូលទៅកាន់៖ https://www.facebook.com/cambodiaictawards/ ឬ http://www.cambodiaictawards.com/Semi_Final_Participants៕