Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី អៀង មូលី ទទួល​តំណែង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិសកល ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ជាផ្លូវការ!

13-06-2018 11:27

(ភ្នំពេញ)៖ បន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ កន្លងមក លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺ​អេដស៍ ត្រូវបានជាប់​ឆ្នោត ធ្វើជា​សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិសកលប្រចាំតំបន់​ ប៉ាស៊ីហ្វិកខាងលិច​ ខណៈ​នៅ​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រូវបានប្រកាសជាផ្លូវការ ទទួលស្គាល់លោកទេសរដ្ឋមន្រ្តី នឹងទទួលភារកិច្ចជា ថ្នាក់ដឹកនាំថ្មីនៃមណ្ឌល តំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច និងអនុវត្តន៍កិច្ចការនេះ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខតទៅ។

ពិធីប្រកាសទទួលតំណែងជាផ្លូវការនេះ ត្រូវបានធ្វើឡើង នៅ​ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាពលោក ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំយន្តការមណ្ឌលតំណាង ដែលមកពីប្រទេស វ៉ានូទូ ហ្វីជី និងប៉ាពូអាស៊ីណូវែលហ្គីណេ ថ្នាក់ដឹកនាំគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា នាយកអង្គការយូអិនអេដស៍ប្រចាំកម្ពុជា តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ប្រមាណជាង៥០នាក់។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងបញ្ជាក់ថា ដោយមានកិច្ចសហការ រវាង​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមណ្ឌលតំណាងប៉ាស៊ីហ្វិកខាងលិច ព្រមជាមួយនឹងការទំនុកបម្រុង​ ពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកល យន្តការសម្របសម្រួលមូលនិធិសកល សម្រាប់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច បានរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួន រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ដល់២៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដោយជោគជ័យ។

លោកបន្តថា ការចូលរួមក្នុងកិច្ចប្រជុំ មាន​ថ្នាក់ដឹកនាំយន្តការចាស់ ដែលនឹងបញ្ចប់ភារកិច្ចនៅថ្ងៃទី៣០ ខែមិថុនា និងថ្នាក់ដឹកនាំយន្តការថ្មី ដែលនឹងចូលមកបន្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ពោលរូបលោកនឹងបន្តកិច្ចការងារមួយនេះ ចាប់ពីថ្ងៃទី១ ខែកក្កដានេះ តទៅហើយ។

សូមបញ្ជាក់ថា យន្តការសម្របសម្រួល មូលនិធិសកលសម្រាប់មណ្ឌលតំណាង តំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានប្រទេស២២ជាសមាជិក ក្នុងនោះមានដូចជា ១-កម្ពុជា, ២-កោះឃុក, ៣-ហ្វ៊ីជី, ៤-មីក្រូណេស៊ី, ៥-គិរីបាទី, ៦-ឡាវ, ៧-ម៉ាឡេស៊ី, ៨-ណូរូ, ៩-ប៉ាពូអាស៊ីនូវែលហ្គីណេ, ១០-ហ្វីលីពីន, ១១-សាម័រ, ១២-សិង្ហបុរី, ១៣-កោះសូឡូម៉ុង, ១៤-វ៉ានូទូ, ១៥-វៀតណាម, ១៦-ព្រុយណេ, ១៧-ចិន, ១៨-កោះម៉ាសាល, ១៩-ម៉ុងហ្គោលី, ២០-ប៉ាឡៅ, ២១-តុងហ្កា និង២២-ទូវ៉ាលូ៕