(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា នឹងមានគម្រោងរៀបចំការតាំងពិព័រណ៍ «ឧស្សាហកម្មសំណង់ឆ្នាំ២០១៨» ជាលក្ខណៈអន្តរជាតិធំ របស់កម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ សមាគមអ្នកសាងសង់កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ការតាំងពិព័រណ៍ «ឧស្សាហកម្មសំណង់ឆ្នាំ២០១៨» នេះ សមាគម មានគម្រោងរៀបចំអញ្ជើញភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាប្រធាន ឬអ្នកគ្រប់គ្រងក្រុមហ៊ុន នានាដូចជា ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ កុ្រមហ៊ុនអចលនទ្រព្យ ម្ចាស់សំណង់បុរី សំណង់អគារស្នាក់នៅរួម ( Apartment,Condo ) ម្ចាស់សំណង់រោងចក្រ និងក្រុមហ៊ុនពាក់ព័ន្ធនានា។
មិនតែប៉ុណ្ណោះ ក៏មានគម្រោងអញ្ជើញអ្នកឧកញ៉ា លោកឧកញ៉ា លោកស្រីឧកញ៉ា ដែលជាវិនិយោគិនធំៗ និងលោក-លោកស្រី អ្នកមានទ្រព្យសម្បត្តិ និងធន់ធានស្តុកស្តម្ភ ដែលមានធុរកិច្ចជាអ្នកទិញ លក់អចលនទ្រព្យ និងសំណង់ វិស្វករ ស្ថាបត្យករ អ្នកចាត់ចែងគ្រប់គ្រងទូទៅក្នុងការដ្ឋានសំណង់ ដែលកំពុងប្រតិបត្តិការសាងសង់នៅតាមបណ្តាការដ្ឋានសំណង់ទូទាំងប្រទេស និងអ្នកពាក់ព័ន្ធឲ្យបានច្រើនរូប។
តាមរយៈនៃការតាំងពិព័រណ៌ ដើម្បីដាក់តាំងបង្ហាញពីទំនិញ និងផលិតផលឧស្សាហកម្មសំណង់នេះ សមាគមសង្ឃឹមថា ក្រុមហ៊ុនដែលបានចូលរួមដាក់តាំងបង្ហាញផលិតផលទាំងអស់ នឹងបានទទួលជោគជ័យ និង ផលប្រយោជន៍ជាច្រើនមានជាអាទិ៍៖
១៖ ក្រុមហ៊ុនមានឱកាស បានផ្សព្វផ្សាយនូវផលិតផលរបស់ក្រុមហ៊ុន ដែលបាននាំចូលផ្តាច់មុខមកកម្ពុជាថ្មីៗ ធ្វើឲ្យអថិតិជនបានជ្រាបព័ត៌មាន និងមានចំណាប់អារម្មណ៍ក្នុងកិច្ចការទិញលក់។
២៖ ក្រុមហ៊ុនបានជួបអថិតិជនជាច្រើនដោយផ្ទាល់ និងចំគោលដៅ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមានលទ្ឋភាពអាចលក់ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនបានច្រើនទៀតផង (ព្រោះភ្ញៀវដែលនឹង អញ្ជើញឲ្យចូលរួមទស្សនា សុទ្ធតែជាភ្ញៀវមានតម្រូវការ)។
៣៖ ក្រុមហ៊ុនមានឱកាសស្វែងរកបាននូវដៃគូ ឬអ្នកចូលហ៊ុន ឬអ្នកតំណាងដើម្បីចែកចាយផលិតផលបន្ត នៅក្នុងប្រទេសកម្ពុជា។
៤៖ ក្រុមហ៊ុន ឬម្ចាស់សំណង់ ឬក្រុមហ៊ុនអចលនទ្រព្យ អាចលក់អចលនទ្រព្យបានច្រើន ព្រោះតាមគម្រោង និងកម្មវិធីមានការអញ្ជើញអ្នកឧកញ៉ា លោកឧកញ៉ា ដែលជាអ្នកមានធន់ធានច្រើន ហើយសមាគមជឿជាក់ថា មានលទ្ធភាពក្នុងកិច្ចការពាក់ព័ន្ឋទាំងនេះបាន។
៥៖ ក្រុមហ៊ុន ឬម្ចាស់បុរីនានា ឬអ្នកសាងសង់ផ្ទះសម្រាប់លក់ អាចផ្សព្វផ្សាយ និងផ្តល់ព័ត៌មានពីគម្រោង សាងសង់ថ្មីៗដែលត្រូវលក់ជាបន្តបន្ទាប់របស់ក្រុមហ៊ុន។
៦៖ ធនាគារអាចផ្តល់សេវាប្រាក់កម្ចី និងទទួលអថិតិជនបានច្រើនក្នុងការទិញផ្ទះ គ្រឿងចក្រ សម្ភារ បរិក្ខារ ឧបករណ៏ផ្សេងៗជាច្រើន។
៧៖ ក្រុមហ៊ុនធានារ៉ាប់រងអាចផ្សព្វផ្សាយ ផ្តល់ព័ត៌មាន និងស្វែងរកបាននូវក្រុមហ៊ុននានា ឲ្យមកទិញអាជ្ញាប័ណ្ណ ធានារ៉ាប់រងបានច្រើន៕