(កំពង់ធំ)៖ មន្ត្រីចំនួន១១រូប ដែលមកពី៣អង្គភាព-មន្ទីរ ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែង ក្នុង​រចនាសម្ព័ន្ធមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីប្រកាសមុខដំណែងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះមានមន្ទីររ៉ែ និងថាមពលខេត្ត៦នាក់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត៤នាក់ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត១នាក់។

លោក សុខ លូ បានសម្ដែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកន្លងមក បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យការអនុវត្តការងារ សម្រេចបានលទ្ធផលល្អប្រសើរ។

លោកបានសំនូមពរឱ្យ លោក លោកស្រី ដែលទើបទទួល​បាននូវការតែងតាំងមុខតំណែងថ្មីនេះ ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានខ្លំាងក្លា ដើម្បីបន្តបេសកកម្ម ដឹកនាំអនុវត្តការងារ ឲ្យកាន់តែទទួ​លបានលទ្ធផលល្អប្រសើរថែមទៀត ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងការធានានិរន្តភាពការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោកបន្តទៀតថា មន្ត្រីទាំងអស់ត្រូវចុះមូលដ្ឋានឱ្យបានញឹកញាប់ ខិតខំធ្វើអំពើល្អឱ្យបានកើនឡើងទ្វេរដង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសការផ្ដល់នូវសេវាតម្រូវការប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ ប្រកបដោយតម្លាភាព អាកប្បកិរិយារួសរាយរាក់ទាក់ ទន់ភ្លន់ ទាំងនេះគឺជាក្រមសីលធម៌របស់មន្ត្រី។

លោកបញ្ជាក់ថា យើងជាមន្ត្រីរាជការ ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រទេ និងសូមអំពាវនាវដល់បងប្អូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាថែរក្សាការពារ នូវសុខសន្តិភាពនេះ បន្តទៀត ដើម្បីអនាគត់កូនចៅយើង ប្រទេសជាតិយើង ឱ្យមានការអភិវឌ្ឍន៍ រីកចម្រើនបន្តទៀត និងបានប្រគល់នូវដីការតែងតំាងជូនដល់មន្ត្រីដែលទើបចូលកាន់មុខតំណែងថ្មីផងដែរ។

លោក ជុន បូរិទ្ធ ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំបង្កើននូវសមត្ថភាព ដើម្បីបំពេញបេសកកម្មក្នុងតួនាទី និងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍន៍ក្នុងអង្គភាពឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង និងទាន់ពេលវេលា៕