(សហរដ្ឋអាមេរិក)៖ ថ្លែងនៅចំពោះមុខតំណាងរដ្ឋាភិបាលជាច្រើននៅឯអង្គការសហប្រជាជាតិ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិជនមានពិការភាព លោក ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសគោលជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិពីគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាន និងមានស័ក្តសិទ្ធភាពដើម្បីលើកកម្ពស់សិទ្ធិនិងយកចិត្តទុកដាក់លើសុខមាលភាពជនមានពិការភាព។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងចេញពីសន្និសិទ្ធរដ្ឋភាគីនាទីក្រុងញ៉ូយកថា «ពិការភាពគឺជាផ្នែកអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា។ ប្រទេសកម្ពុជាចាត់ទុកសង្គមស៊ីវិល វិស័យឯកជន អង្គការជនពិការ ដៃគូអភិវឌ្ឍន៍គឺជាដៃគូសហប្រតិបត្តិការដ៏ល្អក្នុងការអនុវត្តន៍អនុសញ្ញាស្តីពីសិទ្ធិជនមានពិការ»។ លោក ឯម ច័ន្ទមករា «បានថ្លែងបែបនេះក្នុងការឱកាសដែលលោកដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសិទ្ធលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ សន្និសិទ្ធរដ្ឋភាគីនេះប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១២ដល់១៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “មិនអនុញ្ញាតិឲ្យនរណាម្នាក់នៅក្រៅការអនុវត្តយ៉ាងពេញលេញនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព»។
ប្រទេសកម្ពុជាបានលើកទឹកចិត្តដល់ស្រ្តីមានពិការភាពឱ្យចូលរួមក្នុងការធ្វើសេចក្តីសម្រេចថ្នាក់ជាតិ លើការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងបានផ្តល់សិទ្ធិអំណាចដល់ស្រ្តីមានពិការភាពទទួលបានសិទ្ធិអំណាចយ៉ាងពេញលេញហើយកម្ពុជាគោរពសិទ្ធិនិងសេរីភាពរបស់ស្ត្រីមានពិការភាព ដោយបានផ្តល់អាទិភាពដល់ស្ត្រីមានពិការភាពតាមរយៈការបញ្ជ្រាបទៅក្នុងផែនការយុទ្ធសាស្រ្តនិងគោលនយោបាយរបស់រដ្ឋាភិបាល។ “នេះជាការលើកឡើងបន្ថែមរបស់លោក ឯម ច័ន្ទមករា”!
លោក ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែមក្នុងសន្និសិទ្ធទៀតថា៖ ជាការពិតស្ត្រីដែលមានពិការភាពធ្វើការតែ 7 ម៉ោងក្នុងមួយថ្ងៃ។ រដ្ឋាភិបាលបានផ្តល់ឱ្យស្ត្រីនិងកុមារីដែលពិការមានពពិការភាពទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ។ លើសពីនេះរដ្ឋាភិបាលក៏ផ្តល់ប្រាក់ឈ្នួលស្មើគ្នាសម្រាប់ស្រ្តីមានពិការភាពផងដែរ។
ថ្លែងបន្ថែមក្នុងសន្និសិទ្ធដ៏មានសារៈសំខាន់នេះ លោក ឯម ច័ន្ទមករា ថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទិ្ធដល់ជនមានពិការភាពដើម្បីចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ហើយជនមានពិការភាពក៏អាចឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិផងដែរ។ រដ្ឋាភិបាលបានលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងឆាកនយោបាយដោយឈរលើមូលដ្ឋាននៃសិទ្ធិស្មើគ្នា។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពមានសារៈសំខាន់ខ្លាំងណាស់ ហើយបច្ចុប្បន្នយើងកំពុងរៀបចំផែនការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពថ្មីឆ្នាំ ២០១៩-២០២៣ ដើម្បីផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការងារនិងការងារសមរម្យសម្រាប់ជនមានពិការភាពដើម្បីធានាជីវភាពរបស់ពួកគេប្រសើរឡើងនិង បង្កើនឯករាជ្យភាពរបស់ពួកគេ។ ប្រទេសកម្ពុជាក៏បានបង្កើតក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមជាតិឆ្នាំ ២០១៦-២០២៥ ដើម្បីផ្តល់ការគាំពារសង្គមដល់ប្រជាជនទូទៅរួមទាំងជនពិការ។
ជារួមកម្ពុជា បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យពិការភាព ដែលជាការកសាងសង្គមរួមមួយ ឆ្លើយតបតាមការលើកកម្ពស់សុខុមាលភាពជនមានពិការភាព ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ស្របតាមការអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០៕