(បន្ទាយមានជ័យ)៖ ផ្លូវមួយខ្សែទៀតគឺផ្លូវលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាដែនដីសមរភូមិសង្គ្រាមដ៏ជូរចត់របស់ខ្មែរពីអតីតកាលនោះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០១៨នេះហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដើម្បីធានាថាផ្លូវមួយខ្សែនេះសាងសង់មានគុណភាពត្រឹមត្រូវនោះ នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងស្ថានភាពសាងសង់កំណាត់ផ្លូវនេះ។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ លោកទេសរដ្ឋមន្ត្រី បានពិនិត្យឃើញមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងការសាងសង់ ហើយបានណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធទទួលខុសត្រូវកែសម្រួលលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យផ្លូវនេះ មានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីបច្ចេកទេសសាងសង់របស់ក្រសួង ត្រូវដើរពិនិត្យមើលផ្លូវ មិនត្រូវជិះឡានមើលផ្លូវទេ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨នេះ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបជាង ១២២លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវបំបែកផ្លុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ចំណុចភូមិផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងគ្រោងនឹង បញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនសាងសង់សម្រេចជិត១០០ភាគរយហើយ។
ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងសមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល និងឆាប់រហ័ស និងរួមចំណែកដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។ ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឲ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសជិតខាងជួយដល់ ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ៕