(ភ្នំពេញ)៖ ដោយមើលឃើញថាឈាមសម្រាប់ជួយជីវិតប្រជាពលរដ្ឋខ្មែរកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននោះ មន្ត្រីរាជការកំពុងបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានរួមគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
មន្រ្តីរាជការក្រសួងការបរទេស ដែលបានផ្តល់ឈាមនៅថ្ងៃនេះមានចំនួន ៤៩នាក់ ក្នុងនោះមាននារី ១១នាក់។ លោក សុខ សូកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងពិធីនោះថា នេះជាលើកទីមួយហើយដែលក្រុមការងារយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា រៀបចំកម្មវិធីផ្ដល់ឈាមនេះឡើង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ និងចូលរួមចំណែកផ្គត់ផ្គង់នូវកង្វះខាតឈាម ដែលបច្ចុប្បន្នមានមន្ទីរពេទ្យនានាទូទាំងប្រទេស ត្រូវការឈាមជាច្រើនប្លោកក្នុងមួយថ្ងៃៗ ដើម្បីជួយសង្រោះជីវិតអ្នកជំងឺ។
លោកបន្តថា ការរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ក៏ដើម្បីចូលរួមអបអរសាទរ «ទិវាបរិច្ចាគឈាមពិភពលោក ១៤ មិថុនា» ដែលប្រទេសជុំវិញពិភពលោកបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ លោកបន្តថា ការបរិច្ចាគឈាម គឺជាវប្បធម៌នៃការចែករំលែកមួយដ៏ធំធេងបំផុតដូចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានលើកឡើងថា ទោះបីមិនមានប្រាក់កាសដើម្បីចូលរួមបរិច្ចាកកសាងអ្វីមួយដល់សង្គមជាតិក៏ដោយ ប៉ុន្តែមានឈាមសម្រាប់ចូលរួមបរិច្ចាគ និងចែករំលែកដល់អ្នកដទៃបានផងដែរ។
លោកអនុរដ្ឋលេខាធិការដែលបានដឹកនាំការបរិច្ចាគឈាមទុកជួយសង្គ្រោះជីវិតមនុស្សរូបនេះបន្តថា «ការបរិច្ចាគឈាម មិនមែនគ្រាន់តែជាការគេងឲ្យគ្រូពេទ្យបូមឈាមនោះទេ តែខ្ញុំជឿជាក់ថា នៅពេលដែលយើងត្រូវបានគេកំពុងធ្វើការបូមឈាម យើងម្នាក់ៗប្រាកដជាគិតពីអត្ថប្រយោជន៍ដ៏សំខាន់នៃគ្រាប់ឈាមរបស់យើង និងគិតដល់អ្នកដែលកំពុងត្រូវការឈាមជាចាំបាច់ដើម្បីរស់រានមានជិវីត។ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីបរិច្ចាកឈាមនាឱកាសនេះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនយើងទាំងអស់គ្នា នឹងបានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃការបរិច្ចាគឈាម ដែលយើងទាំងអស់គ្នាអាចធ្វើបានក្នុងនាមមនុស្សជាតិ ជាពលរដ្ឋរួមជាតិសាសន៍ ជាយុវជនគំរូដើម្បីជាតិ និងប្រជាជនយើង ហើយបន្តចូលរួម និងបំផុសសកម្មភាពមនុស្សធម៌នេះតទៅទៀត»៕