(ភ្នំពេញ)៖ ខណៈស្វាយតាមរដូវ មានការធ្លាក់ថ្លៃប្រជាពលរដ្ឋ បានងាកមកចាប់អារម្មណ៍ ទៅលើការដាំដំណាំស្វាយខុសរដូវវិញ ព្រោះស្វាយខុសរដូវនេះ អាចមានទីផ្សារនាំចេញច្រើនជាងស្វាយធម្មតា។ មួយវិញទៀតប្រជាកសិករ កាន់តែងាយស្រួល ព្រោះបច្ចេកទេស នៃការដាំដំណាំស្វាយខុសរដូវនេះ ត្រូវអនុវត្តន៍ជាមួយក្រុមហ៊ុនអង្គរហ្គ្រីន ដែលជាក្រុមហ៊ុនផ្នែកកសិកម្ម មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីបានដឹងពីការលំបាក របស់ប្រជាកសិករ ក្នុងការគ្រប់គ្រងការដាំស្វាយខុសរដូវ ដូចជាការដាំខ្វះបច្ចេកទេស ឬមិនមានមូលដ្ឋានបច្ចេកទេសសមស្របជាដើម ក្រុមហ៊ុនអង្គរហ្គ្រីន បានផ្ដល់ដំណោះស្រាយផ្នែកកសិកម្ម ពិសេសការនាំបច្ចេកវិទ្យាទំនើបៗមកកម្ពុជា បង្កើតចំការស្វាយគំរូឡើង ដើម្បីបង្កើតជាផលប្រយោជន៍ដល់ អ្នកប្រកបរបរដាំចំការស្វាយ ទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានោះ ក៏មានម្ចាស់ចំការស្វាយចំនួន២រូប មកពីខេត្តកំពង់ស្ពឺ ចុះកិច្ចព្រមព្រៀង លើគម្រោងចំការស្វាយគំរូ ដោយប្រើបច្ចេកទេសទំនើប ក្នុងការផលិតកម្មស្វាយខុសរដូវ ជាមួយក្រុមហ៊ុនអង្គរហ្គ្រីន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
លោក វ៉ាន់ ឬទ្ធី នាយករងប្រតិបត្តិ នៃក្រុមហ៊ុនអង្គរហ្គ្រីន បានឲ្យដឹងថា ថ្ងៃនេះជាការចុះកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនអង្គរហ្គ្រីន និងម្ចាស់ចំការមកពីខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តលើគម្រោង ចំការស្វាយគំរូ ដោយប្រើបច្ចេកទេសទំនើប ក្នុងការផលិតស្វាយខុសរដូវ។ ក្រុមហ៊ុនអង្គហ្គ្រីន បានផ្ដល់នូវប្រព័ន្ធស្រោចស្រព ដែលទឹកមានសារធាតុចិញ្ចឹម ធ្វើឲ្យដំណាំលូតលាស់ល្អ មានន័យថា ការប្រកបរបរកសិកម្មនេះ ដោយមិនពឹងផ្អែកទៅលើអាកាសធាតុ ទោះបីអាកាសធាតុមានភ្លៀងក្ដី មិនមានក្ដី ក៏ដំណាំមិនទទួលរង នូវការខូចខាតនោះឡើយ។
លោក វ៉ាន ឬទ្ធី បានបន្ដទៀតថា ចំណែកឯស្វាយដែលនឹងត្រូវ យកមកបង្កើតជាស្វាយខុសរដូវនោះ គឺស្វាយកែវរមៀត ព្រោះស្វាយនេះ មានការដាំដុះច្រើនជាគេ ក្នុងប្រទេសកម្ពុជា។
លោក ចាន់ សុធា ម្ចាស់ចំការមកពីខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា «ខ្ញុំចង់បាននូវបច្ចេកទេសថ្មី ដែលមិនមែនជាលក្ខណៈធម្មជាតិ មួយវិញទៀតខាងខ្ញុំ មើលឃើញពីសក្ដានុពលរបស់ ក្រុមហ៊ុនអង្គរហ្គ្រីន ដែលមានអ្នកបច្ចេកទេសក្នុងការថែមទាំ និងប្រព័ន្ធស្រោចស្រព មកពីប្រទេសអ៊ីស្ត្រាអែល ដែលជាប្រទេសលើវាលខ្សាចតែអាច ដាំដំណាំកសិកម្មបាន»។
លោកបានបន្ដទៀតថា ក្រុមហ៊ុនអង្គរហ្គ្រីន នឹងជួយដល់ការផលិតផ្លែស្វាយ និងរកទីផ្សារក្នុងការលក់ចេញ មួយវិញទៀតក្រុមហ៊ុននឹង នាំយកផ្លែស្វាយទៅប្រកួតប្រជែង នៅតាមតំបន់នានា ដូចជាប្រទេសវៀតណាម និងប្រទេសថៃជាដើម។
លោក គា បូរ៉ា ម្ចាស់ចំការស្វាយកែវរមៀត មកពីខេត្តកំពង់ស្ពឺដូចគ្នា បានឲ្យដឹងដែរថា «ខ្ញុំជឿជាក់ទៅលើ ក្រុមហ៊ុនអង្គរហ្គ្រីន ដោយសារតែក្រុមហ៊ុន ឈរនៅលើទីផ្សារច្រើនឆ្នាំមកហើយ និងជឿងជាក់នូវការនាំយកបច្ចេកទេស ទៅដល់កសិករប្រើប្រាស់ ទៅតាមស្ដង់ដារ ដូច្នេះការប្រើប្រាស់ជី មានការកំណត់ត្រឹមត្រូវ ដូច្នេះដំណាំនឹងទទួលបានផលល្អ»។
សូមបញ្ជាក់ថា តាមការគ្រោងទុក គម្រោងចំការស្វាយគំរូនេះ នឹងផ្ដល់អត្ថប្រយោជន៍ ដល់កសិករខ្នាតតូច និងម្ចាស់ចំការស្វាយទូទាំងប្រទេសកម្ពុជា ជាមួយការទទួលបានទិន្នផលច្រើន៕