(តាកែវ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីពិភាក្សា សុំកិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញារធរ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត លើការដឹកជញ្ជូនស្រូវ កសិផល ដើម្បីអនុវត្តគម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយអំពីការអនុវត្ត កម្មវិធីឥណទានពិសេស របស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសនោះ លោក កៅ ថាច បានលើកឡើងថា ដោយទទួលបានការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ហាតំលៃស្រូវរបស់បងប្អូនប្រជាកសិករ ធ្លាក់ចុះត្រូវបានដោះស្រាយជាបន្តបន្ទាប់ ក្នុងនោះរាជរដ្ឋាភិបាល បានធ្វើការទំលាក់នូវកញ្ចប់ឥណទានពិសេស ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករ ក្នុងការផ្តល់ឥណទាន ជូនវិស័យឯកជន រោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើការប្រមូលទិញស្រូវតាមតំលៃទីផ្សារ។
ទន្ទឹមនេះ លោក កៅ ថាច បានបន្ថែមជូនអង្គប្រជុំទៀតថា ដោយវិស័យស្រូវអង្ករ ជាវិស័យសំខាន់ដែលចាំបាច់ត្រូវដោះស្រាយបន្ទាន់ និងដើម្បីឲ្យសម្រេចបានគោលការណ៍នាំចេញអង្ករ១លានតោន ដូចនេះរាជរដ្ឋាភិបាលបានទំលាក់កញ្ចប់ឥណទាន ពិសេសដើម្បី៖
* សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នុងមួយថ្ងៃ។
* នៅតំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង មានលទ្ធភាពស្តុកស្រូវបាន៥ម៉ឺនតោន និងឡសំងួតស្រូវបាន១៥០០តោនក្នុងមួយថ្ងៃ បន្ថែមពីលើឡសំងួត និងឃ្លាំងស្តុកស្រូវដែលមានស្រាប់ ដើម្បីធ្វើការស្រូបទាញស្រូវ ក្នុងតំបន់បានប្រកបដោយប្រសិទ្ធភាពខ្ពស់។
* អនុញ្ញាតឲ្យធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់ឥណទានពិសេសដោយអត្រាការប្រាក់ទាប ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ដោយដាក់ស្តុកស្រូវធ្វើជាវត្ថុធានាបំណុល ដើម្បីធ្វើការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតំលៃទីផ្សារ។
លោក កៅ ថាច ក៏បានជំរុញ និងសំណូមពរអាជ្ញាធរ និងមន្ទីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីកម្មវិធីឥណទានពិសេស របស់រាជរដ្ឋាភិបាល និងគម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាលឲ្យបានទូលំទូលាយ និងសូមជួយសម្រួលដឹកជញ្ជូនស្រូវពីស្រែ របស់ប្រជាកសិករដែលនៅឆ្ងាយៗ មកកាន់កន្លែងលក់ ឬ ផ្តល់ទីតាំងផ្សេងៗសម្រាប់លក់ស្រូវ ឬដឹកមកទីតាំងរោងម៉ាស៊ីនស្រូវផ្ទាល់។ ជាពិសេសក្នុងរដូវប្រមូលផល សូមអាជ្ញាធរជួយរៀបចំតារាងពេលវេលាសម្រាប់ច្រូតកាត់ កុំឲ្យច្រូតជាកំហុក ដែលអាចនាំឲ្យពិបាកក្នុងការដឹកជញ្ជូន និងមានការបង្អាប់តំលៃពីឈ្មួញកណ្តាល។
លោកក៏បានជំរុញឲ្យកសិករដាំស្រូវសែនក្រអូប ព្រោះវាតំលៃថ្លៃនៅលើទីផ្សារអន្តរជាតិ និងមានតម្រូវការច្រើនសម្រាប់នាំចេញ និងជំរុញឲ្យមន្ទីរកសិកម្ម មន្ទីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយដល់ប្រជាកសិករអំពីកិច្ចសន្យាកសិកម្ម និងជំរុញឲ្យមានការចងក្រងសហគមន៍កសិកម្ម ឲ្យបានទូលំទូលាយទាំងសហគមន៍ផលិតស្រូវ ដាំដុះបន្លៃសុវត្តិភាព ការចញ្ចឹមសត្វជាដើម ហើយធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ឥណទានជូនដោយអត្រាការប្រាក់ទាប ក្នុងករណីសហគមន៍ទាំងនោះ មានតម្រូវការ៕