(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាពទំនិញជាបន្លែផ្លែឈើ នាំចូលតាមព្រំដែនពីប្រទេសវៀតណាម សំដៅធានាសុខុមាលភាព ជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ រយៈពេល១ថ្ងៃពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត រួមជាមួយរថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ និងការវិភាគបន្លែផ្លែឈើមួយចំនួន ដោយមន្ទីរពិសោធន៍ចល័ត នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាលទ្ធផលគំរូបន្លែផ្លែឈើ១៨មុខនោះ គ្មានផ្ទុកសារធាតុគីមីទេ។
លោក មាស មោរ៉ា បានថ្លែងថា ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារ ជាពិសេសបន្លែផ្លែឈើ គ្មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលមិនបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នាំចូលមកលក់នៅលើទីផ្សារក្នុងស្រុកនោះ មន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ក៏នៅតែបន្តចុះត្រួតពិនិត្យ និងធ្វើការវិភាគ ដោយមន្ទីរពិសោធន៍ចល័តលើបន្លែផ្លែឈើនាំចូលចំនួន១៨មុខ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីធានាបាននូវ សុខុមាលភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន។
លោក មាស មោរ៉ា បានបន្តថា បន្ទាប់ពីធ្វើការវិភាគភ្លាមៗ លើគំរូបន្លែផ្លែឈើនាំចូលទាំង១៨មុខរួមមាន៖ ខ្ទឹមបារាំង, ក្រូចឆ្មារ, ស្ពៃក្តោប, ខ្ទឹមក្រហម, ខ្ទឹមស, សាវម៉ាវ, គូលែន, ត្រប់វែង, ម្ទេសក្រហម, ដំឡូងបាំរាំង, ប៉េងប៉ោះ, ស្ពៃខៀវ, ម្ទេសប្លោក, ការ៉ុត, សណ្តែកគួរ, ស្ពៃបូកគោ, និងក្រូចឆ្មារ គឺមិនមានសញ្ញាណវត្តមានផ្ទុកនូវសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេ។
ជាមួយគ្នានេះប្រធានសាខាកាំកុងត្រូលខេត្ត បានពង្រឹងមន្រ្តីកាំកុងត្រូលតាមច្រក ព្រមទាំងអំពាវនាវដល់អាជីវករនាំចូលបន្លែផ្លែឈើ និងម្ហូបអាហារតាមច្រកទ្វារព្រំដែន ពីប្រទេសជិតខាងទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូលចែកចាយ និងលក់តែទំនិញ ជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អជាពិសេសហាមដាច់ខាតបន្លែផ្លែឈើ និងម្ហូបអាហារណាមានផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាព អ្នកប្រើប្រាស់៕