(ភ្នំពេញ)៖ សំណុំឯកសារគុនល្បុក្កតោ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ត្រូវបានភ្នាក់ងារពិសេសរបស់អង្គការអន្តរជាតិនេះ បើកកញ្ចប់ធ្វើការត្រួតពិនិត្យបណ្ដោះអាសន្នហើយ ប៉ុន្ដែមិនទាន់ធ្វើការវាយតម្លៃនោះទេ ដោយសុំពន្យាពេល ១ឆ្នាំ ដើម្បីផ្ដល់អាទិភាពឲ្យប្រទេសមិនទាន់មានការចុះបញ្ជីមុន។ នេះបើតាមការឲ្យពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា អង្គការ UNESCO បានជូនដំណឹងជាក់លាក់មកកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចហើយ ដោយសុំពន្យាពេលក្នុងការវាយតម្លៃ ប៉ុន្ដែពួកគេបានផ្ដល់នូវសញ្ញាវិជ្ជមានមួយ ដែលជាក្ដីសង្ឃឹមសម្រាប់កម្ពុជា ក្រោយបានធ្វើការត្រួតពិនិត្យបណ្ដោះអាសន្ន ដោយសង្កេតឃើញសំណុំឯកសារគុនល្បុក្កតោរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដែលមានសង្ឃឹមខ្ពស់ក្នុងការចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ខណៈការសម្រេចចុងក្រោយ នឹងធ្វើឡើងនៅឆ្នាំ២០២០។
អគ្គលេខាធិការ NOCC ដដែលបន្ដថា «ដោយសារឆ្នាំនេះ មានប្រទេសជាច្រើន បានដាក់សំណើរសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចឹងគេផ្ដល់ឱកាសទៅប្រទេសណា ដែលមានការចុះបញ្ជីតិចជាងគេ…។ ចឹងគេសុំអភ័យទោសពីយើង ប៉ុន្ដែបញ្ជីរបស់ល្បុក្កតោ ត្រូវបានគេដាក់ចូលទៅក្នុងបញ្ជីត្រួតពិនិត្យចុងក្រោយនាឆ្នាំ២០១៩ ហើយសម្រេចនៅឆ្នាំ២០២០ វិញ។ ប៉ុន្ដែគេបានប្រាប់យើងថា ឯកសារគុនល្បុក្កតោ គឺជាបញ្ជីដែលគួរតែយកចិត្តទុកដាក់បំផុតសម្រាប់កម្ពុជា ចឹងយើងមានសង្ឃឹមច្រើន»។
បន្ថែមលើនេះ អ្វីដែលកាន់តែធ្វើឲ្យកម្ពុជាមានភាពជឿជាក់ គឺមន្ដ្រីរបស់អង្គការ UNESCO បានបញ្ជាក់ថា «ពួកគេពុំទាន់មើលឃើញពីចំណុចខ្វះខាតក្នុងឯកសារគុនល្បុក្កតោរបស់កម្ពុជានោះទេ ហើយជាបញ្ជី ដែលត្រូវយកចិត្តទុកដាក់បំផុត ហើយនៅឆ្នាំ២០១៩ ពួកគេនឹងបញ្ជូនឯកសារគុនល្បុក្កតោ ទៅក្រុមគណៈកម្មការជំនាញ ដើម្បីធ្វើការវាយតម្លៃលើកចុងក្រោយយ៉ាងពិតប្រាកដ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលខាងលើ។
សូមរំឭកថា ឯកសារគុនល្បុក្កតោកម្ពុជា ត្រូវបានបញ្ជូនទៅកាន់អង្គការ UNESCO កាលពីខែមីនា ឆ្នាំ២០១៧ ប៉ុន្ដែរហូតដល់ខែមីនា ឆ្នាំ២០១៨ ទើបស្ថាប័នអន្ដរជាតិនេះ បើកកញ្ចប់ឯកសារនោះ។ ប៉ុន្ដែស្របពេលមានប្រទេសជាច្រើន បានស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ អង្គការ UNESCO បានផ្ដល់អាទិភាពដល់ប្រទេសមិនទាន់មានការចុះបញ្ជីមុន គ្រាដែលឯកសារគុនល្បុក្កតោ ដែលត្រូវបញ្ជូនទៅក្រុមគណៈកម្មជំនាញចុងក្រោយនៅឆ្នាំ២០១៨ ហើយសម្រេចនៅឆ្នាំ២០១៩ ត្រូវបានអង្គរការអន្ដរជាតិ សម្រេចពន្យាពេលបញ្ជូនឯកសារនេះ ទៅក្រុមគណៈកម្មជំនាញនៅឆ្នាំ២០១៩ ហើយសម្រេចចុងក្រោយ នៅឆ្នាំ២០២០វិញ៕