(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាកម្លាំងនគរបាលទាំងអស់ និងនិយាយដោយឡែក កម្លាំងនគរបាលទូទាំងខេត្តប៉ៃលិន ត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ប៉ែន វិបុល ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បំពាក់ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ ជូនមន្ដ្រីនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងក្រុងប៉ៃលិន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។
នាយឧត្តមសេនីយ៍អគ្គស្នងការរង បានបញ្ជាកម្លាំងនគរបាលខេត្តប៉ៃលិនទាំងអស់ ដាច់ខាតត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការពារឲ្យខាងតែបាន នូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ ដែលនឹងចូលរួមប្រកួតប្រជែង។ ខណៈដែលរាជរដ្ឋាភិបាល នឹងត្រៀមសមត្ថកិច្ចជិត៥ម៉ឺននាក់ ដើម្បីការពារការបោះឆ្នោតដ៏ធំមួយនេះ៕