Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទណ្ឌិត សម រង្ស៉ី ថ្លើមធំដែលហ៊ានយកព្រះរាជសារព្រះមហាក្សត្រ​ មកវែកញែកដេញដោល ខណៈរដ្ឋធម្មនុញ្ញហាមឃាត់

12-06-2018 15:48

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងតាមរយៈបណ្តាញព័ត៌មាន Fresh News ថា ទណ្ឌិតសមរង្ស៊ី មេចលនាសង្រ្គោះជាតិ កំពុងតែបំពានយ៉ាងធ្ងន់ធរចំពោះរដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលថ្លើមធំហ៊ានយកព្រះរាជសារព្រះមហាក្សត្រមកវែកញែកដេញដោល ព្រោះរដ្ឋធម្មនុញ្ញបានចែងថា ព្រះមហាក្សត្រ គឺជាព្រះប្រមុខរដ្ឋ ហើយព្រះអង្គមិនអាចរំលោភបំពានបានឡើយ។ មានន័យថា ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ មិនអនុញ្ញាតឲ្យជនទាំងឡាយណា យកមកវែកញែកនោះទេ។

លោក រ័ត្ន សណ្តាប់ បានចំអកថា ទង្វើរបស់លោក សម រង្ស៊ី ដែលមិនយល់ពីច្បាប់របស់កម្ពុជា ប្រហែលជាលោកស្ថិតនៅក្រៅប្រទេសយូរពេក មិនបានយល់ច្បាស់ពីរដ្ឋធម្មនុញ្ញ របស់កម្ពុជាហើយមើលទៅ ទើបមានអាការៈរវើរវាយលែងដឹងច្បាប់ទម្លាប់ លែងគោរពព្រះមហាក្សត្រ។ អ្នកជំនាញអារ្យធម៌ខ្មែរ បានបន្តចំអកឱ្យទណ្ឌិតរូបនេះឱ្យព្យាយាមស្វែងយល់ ពីច្បាប់ឡើងវិញ មុននឹងធ្វើនយោបាយ។ មួយវិញទៀតឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានពោលពាក្យថា ថ្ងៃខែឆ្នាំនៅលើព្រះរាជសារ របស់ព្រះមហាក្សត្រក្លែងក្លាយនោះទេ លោក រ័ត្ន សណ្តាប់ បានឆ្លើយបែបចំអក និងអស់សំណើចខ្លាំងៗថា «ប្រហែលអង្គព្រះមហាក្សត្រខ្លាចមនុស្សរត់ចោលស្រុក និងក្បត់ជាតិដូច សម រង្ស៊ី ហើយមើលទៅ, បានជាមិនហ៊ានដាក់ថ្ងៃខែឆ្នាំពិត»

បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្មីៗនេះ បានចេញព្រះរាជសារមួយ ដោយអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេស។

បន្ទាប់ពីមានព្រះរាជសារព្រះមហាក្សត្រ យ៉ាងដូច្នេះ លោក សម រង្ស៊ី បានចេញមុខប្រតិកម្មភ្លាមៗ នៅលើបណ្តាញសង្គម ​Facebook ថាព្រះរាជសារនោះ គឺជាព្រះរាជសារក្លែងក្លាយតែប៉ុណ្ណោះ ខណៈដែលព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានមកបញ្ជាក់ថា នេះជាព្រះរាជសារពិតឥតក្លែងក្លាយ និងមិនរងការគំរាមកំហែងយ៉ាងណាក៏ដោយ៕