(ភ្នំពេញ)៖ ដើម្បីចែករំលែកបទពិសោធន៍ ក្នុងជីវិតជាយោធា ជិត៥០ឆ្នាំ កន្លងទៅនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ឧត្តមសេនីយ៍ទោ Jacob Gideon Kingu នាយកសាកលវិទ្យាល័យការពារជាតិ ប្រទេសតង់សានៀ ឱ្យដឹងថា សង្គ្រាមទាំងអស់ មិនអាចបញ្ចប់ បានដោយកម្លាំងយោធានោះទេ គឺនៅចុងបញ្ចប់ត្រូវតែមានការចរចា ផ្លូវនយោបាយមួយ ដើម្បីសម្របសម្រួលរកសន្តិភាព ដោយឈរលើគោលការណ៍ សមភាពខាងសេដ្ឋកិច្ច និងផលប្រយោជន៍។
ការថ្លែងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋាន ក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឧត្តមសេនីយ៍ទោ Jacob Gideon Kingu ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ទើបនិវត្តន៍ទៅទីក្រុងដូហា ប្រទេសកាតាបន្តទៀត។
លោកអគ្គមេបញ្ជាការបានបន្តថា៖ «យើងជាកងទ័ព បើអាចចៀសវាងការធ្វើសង្គ្រាមបាន គឺជាការប្រសើរបំផុត ពីព្រោះសង្គ្រាមបំផ្លាញច្រើនណាស់ទាំងមនុស្ស និងទ្រព្យសម្បត្តិ ហើយសង្គ្រាមគឺជាការបំផ្លាញ ហើយបំផ្លាញទៀត តែសូមសិក្ខាកាម ទាំងអស់កុំរុញរា ព្រោះថានេះជាកាតព្វកិច្ច»។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា នៅកម្ពុជាកំពុងនាំគ្នាខិតខំថែរក្សានូវសន្តិភាពនេះ មិនឲ្យបាត់បង់បន្តទៀតទេ ហើយកងទ័ពដាច់ខាត មិនឲ្យកើតឡើងបដិវត្តពណ៌នោះដែរ។ លោកអគ្គមេញ្ជាការ ក៏មានជំនឿថា ប្រទេសតង់សានៀ នឹងរក្សាបាននូវតម្លៃនៃសន្តិភាព និងការអភិវឌ្ឍប្រទេស បានល្អប្រសើរតទៅមុខទៀត។
បើតាមនាយឧត្តមសេនីយ៍ ប៉ុល សារឿន រាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានភ្លេចគុណអង្គការសហប្រជជាតិ ដែលបានជួយជ្រោមជ្រែង រៀបចំការបោះឆ្នោត នាឆ្នាំ១៩៩៣ ហើយក្នុងនោះ ក៏មានជនជាតិអាហ្វ្រិចដែរ។ ក្រោយពីប្រទេសកម្ពុជា បានសុខសន្តិភាពហើយ ក៏សម្រេចបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមស្វែងរកសន្តិភាព ជាមួយអង្គការនេះ ក្នុងក្របខណ្ឌមនុស្សធម៌ផងដែរ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានជម្រាបជូនដល់ គណៈប្រតិភូតង់សានៀ អំពីការវិវឌ្ឍរីកចម្រើនរបស់កម្ពុជា ចាប់តាំងពីបាតដៃទទេ រហូតមានអ្វីៗសព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។
អគ្គមេបញ្ជាការបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសង្គ្រាមជាហូរហែរ ទើបតែមានសុខសន្តិភាពេញលេញបាន ជាង២០ឆ្នាំកន្លងមកនេះ គឺតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ Jacob បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះគណៈប្រតិភូរបស់លោក ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់អំពីសម្បត្តិវប្បធម៌ប្រពៃណី និងការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា។
ឧត្តមសេនីយ៍ទោ Jacob បានជម្រាបជូន អគ្គមេបញ្ជាការថា សាកលវិទ្យាល័យការពារជាតិតង់សានៀ ចាប់កំណើតឡើង នៅឆ្នាំ២០១២ ដោយបានបញ្ចប់ការសិក្សារៀន សូត្រ បានចំនួន៥វគ្គមកហើយ ហើយក្រុមដែលមកនេះ គឺវគ្គទី៦ ឆ្នាំសិក្សា២០១៧-២០១៨ ដោយមានសិក្ខាកាមចំនួន៣៣នាក់ ក្នុងនោះមានសិក្ខាកាម ១២រូបមកពីបណ្តាប្រទេសជាមិត្ត ហើយសិក្ខាកាមទំាងអស់ មានតួនាទីជាកងទ័ព នគរបាល និងជាមន្រី្តរាជការ ស៊ីវិល។
ឧត្តមសេនីយ៍ នាយកសាកលវិទ្យាល័យ បានបន្តទៀតថា តង់សានៀក៏ត្រូវការរក្សាសុខសន្តិភាព ស្ថិរភាពដែរ ដូច្នេះហើយទើបការសិក្សាចាំបាច់ត្រូវតែផ្តោតសំខាន់លើសុខសន្តិភាពក្នុងតំបន់ និងក្រៅតំបន់ ហើយនេះជាការអនុវត្តមេរៀនជាក់ស្តែងក្នុងការសិក្សា ស្វែងយល់បទពិសោធន៍នៅប្រទេសកម្ពុជា៕