(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ផ្អែកតាមប្រវត្តិសាស្ត្រក្រោយមហានគរ៥០០ឆ្នាំមុន ប្រទេសកម្ពុជាមិនដែលមានសន្តិភាពទេ ប៉ុន្តែក្រោយឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ពេលវេលា និងអាយុជីវិត ទម្រាំបានសន្តិភាពជូនប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់រាប់អានគ្នា ដូចគ្រួសារតែមួយ កុំលាបពណ៌គ្នា ដើម្បីថែរក្សាសន្តិភាព និងមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យមានការជឿនលឿនបន្ថែមទៀត ព្រមទាំងសូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន ស្ថាបនាកំណាត់ផ្លូវក្រាលកៅស៊ូ មួយខ្សែ មានប្រវែងជាង៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវកៅស៊ូ ក្នុងភូមិលលកស ទៅកាន់ផ្លូវបំបែក ផ្លូវជាតិលេខ៥៥ ក្នុងភូមិវត្តហ្លួង ឆ្លងកាត់ភូមិកោះ និងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្របតាមសំណូមពរជាអាទិភាព របស់ប្រជាពលរដ្ឋ ប្រើប្រាស់ថវិកាខេត្ត និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
លោក ម៉ៅ ធនិន បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្នុងដំណាក់កាលទី១ យើងបានបើកការដ្ឋានជួសជុលក្រាលគ្រួសក្រហម ហើយក្នុងឆ្នាំ២០១៨នេះ យើងបានបើកការដ្ឋានក្រាលកៅស៊ូ ដោយប្រើប្រាស់គ្រឿងចក្រ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងចូលរួមថវិការបស់ខេត្ត ផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់លលកស សម្រាប់ធ្វើចរាចរណ៍ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
លោកបានបន្តថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជាការតបស្នងទៅនឹងគុណបំណាច់គាំទ្រសម្តេចបន្តដឹកនាំប្រទេស។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានជម្រាបជូនថា សក្តានុពល និងសមិទ្ធផលធំ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ក្នុងទឹកដីខេត្តពោធិ៍សាត់ មានដូចជាទំនប់ទី៣ និងទី៥ ទំនប់ដំណាក់អំពិល ទំនប់ចារឹក ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ផ្លូវជាតិលេខ៥៥ ដែលស្ថាបនាបាន៩៨%ហើយ ផ្លូវកៅស៊ូជនបទ១០ខ្សែ ផ្លូវរថភ្លើង ផ្លូវវាងក្រុងជិត១០គីឡូម៉ែត្រ ជាមួយនឹងស្ពានអាកាសហោះកាត់ស្ទឹង។ មិនតែប៉ុណ្ណោះនៅមានសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលនឹងត្រូវធ្វើបន្តបន្ទាប់ដូចជា៖ តំបន់ឧស្សាហកម្មវាលសម្តេចយស់ មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងតំបន់ទេសចរណ៍សាសនា។
លោកបានលើកឡើងទៀតថា សព្វថ្ងៃនេះយើងបានសាងសង់ទំនប់បង្ហៀរក្បាលហុង ដើម្បីបញ្ចាល់ទឹកសម្រាប់ប្រើប្រាស់វិស័យកសិកម្ម និងបម្រើដល់វិស័យទេសចរណ៍ ដល់ប្រជាពលរដ្ឋយើង ហើយក្នុងពេលខាងមុខ ខេត្តពោធិ៍សាត់ក៏មានរៀបចំពិធីប្រណាំងទូក ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងវិស័យឯកជនផងដែរ៕