(ភ្នំពេញ)៖ ការបង្កើតឲ្យមានទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា ជាការជួយយ៉ាងធំធេងមួយ ដល់កុមារឲ្យជៀសផុត ពីការកេងប្រវ័ញ្ចកម្លាំងពលកម្មនានា និងមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពរបស់កុមារ។ នេះបើតាមលោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
កុមារជាធនធានមនុស្សមួយ ដែលមិនអាចខ្វះបានសម្រាប់ការកសាងប្រទេសជាតិ ទន្ទឹមនឹងការមិនអាចខ្វះបាននេះ កុមារមួយចំនួនត្រូវទទួលរងនូវការរំលោភបំពានសិទ្ធិ។ ដូច្នេះទើបប្រទេសកម្ពុជា តែងតែប្រារព្ធទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា ជារៀងរាល់ឆ្នាំនេះ។
ក្នុងឱកាសនៃទិវាប្រឆាំងពលកម្មកុមារ១២ មិថុនា ដែលរៀបចំឡើងក្នុងបរិវេណសាលាបឋមសិក្សាទួលស្វាយព្រៃ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើកុះករ។
លោក ជួន វុឌ្ឍី បានថ្លែងឲ្យដឹងថា កុមារជាធនធានមនុស្សដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមាន ភាពរីកចម្រើន ដើម្បីឲ្យធនធានមួយនេះប្រកបដោយ សក្ដានុពល ការផ្ដល់ការការពារ និងការអភិវឌ្ឍកុមារ ហើយនេះជាសកម្មភាពអាទិភាពទាំងឡាយដែលត្រូវអនុវត្ត។ ក្នុងឆ្នាំនេះផងដែរ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ បានផ្ដោតការយកចិត្តទុកដាក់ លើសុវត្ថិភាពនៅកន្លែងការងារ សុខភាពរបស់កម្មករវ័យក្មេង និងបញ្ចប់ពលកម្មកុមារ។
លោកបានបន្ដទៀតថា កុមារមានសិទ្ធិទទួលបាន ការការពារពីគ្រប់ទម្រង់ទាំងអស់ នៃពលកម្ម រួមទាំងការងារប្រកបដោយគ្រោះថ្នាក់ ដែលប៉ះពាល់កុមារ។ ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ បង្ហាញឲ្យឃើញពីសារៈសំខាន់ យ៉ាងខ្លាំងនៃការធ្វើឲ្យមានសុវត្ថិភាព និងសុខភាពសម្រាប់កម្មករវ័យក្មេង ប្រយុទ្ធប្រឆាំងនឹងការងារប្រកប ដោយគ្រោះថ្នាក់ លុបបំបាត់រាល់ទម្រង់ទាំងអស់ នៃពលកម្មកុមារ។
លោកបានបញ្ជាក់ទៀតថា កុមារត្រូវការចាំបាច់នូវការអភិវឌ្ឍន៍ ផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សាអប់រំរៀនសូត្រ ហេតុនេះកុមារត្រូវការការថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គមជាតិ ជាពិសេសការលើកម្ពស់ កិច្ចការពារកុមារដោយឲ្យកុមារ ទទួលបានការសិក្សាអប់រំ ដើម្បីអភិវឌ្ឍន៍ប្រកបដោយ សមត្ថភាពដែលអាចកសាងគ្រួសារប្រកបដោយ សុភមង្គល និងរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូ។
លោកនាយកសាលា បឋមសិក្សាទួលស្វាយព្រៃ បានថ្លែងឲ្យដឹងដែរថា ដើម្បីលើកតម្កើនសិទ្ធិសេរីភាព នឹងប្រឆាំងពលកម្មកុមារ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បានយកចិត្តទុកដាក់ការពារសុវត្ថិភាព សន្ដិសុខក្នុងសាលា ដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសកុមារដែលមានភាពពិការ ជួយគាំទ្រដល់កុមាររង់គ្រោះ និងងាយរងគ្រោះ ធ្វើយ៉ាងណាឲ្យពួកគេបានចូលរៀន និងរៀនសូត្រជាប្រចាំ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសាលាទួលស្វាយព្រៃមានគ្រូ សរុបចំនួន៤១នាក់ សិស្សសរុបចំនួន៦៩២នាក់ មានថ្នាក់ចំនួន២៩ ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ចំនួន២៧ថ្នាក់មតេយ្យចំនួន២ថ្នាក់ ចែកចេញជាពីរវេណ ព្រឹកនិងរសៀល៕