(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២៦នាក់ (ស្រី១២នាក់) និងបុរសជនជាតិសូម៉ាលីម្នាក់ ដែលបានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ទិដ្ឋានការហួសកំណត់ ឯកសារលិខិតឆ្លងដែនមិនត្រឹមត្រូវ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការរយៈពេលពីរថ្ងៃ ដោយនៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើឡើងដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញបានចុះត្រួតពិនិត្យគោលដៅ ចំនួន០២ទីតាំង គឺហាងកាហ្វេ ផ្លូវលេខ២២៣, ៣៣៦ សង្កាត់ផ្សារដើមគរ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់បានជនជាតិវៀតណាម ចំនួន១៣នាក់ ស្រី០៥នាក់ និងហាងកាហ្វេ បេនឡានផនលីម ហាងលក់បាយ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត, ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង និងគល់ស្ពានស្ទឹងមានជ័យ ខណ្ឌទួលគោក ឃាត់បានជនជាតិវៀតណាម ចំនួន១៣នាក់ ស្រី០៧នាក់។ ដោយឡែកជនជាតិសូម៉ាលីម្នាក់ បានលួចស្នាក់នៅហួសទិដ្ឋាការចំនួន១២ខែ។
ក្រោយឃាត់ខ្លួនជនជាតិវៀតណាម និងសូម៉ាលី ដែលស្នាក់នៅគ្មានលិខិតឆ្លងដែន និងគ្មានឯកសារត្រឹមត្រូវ នឹងត្រូវបណ្តេញចេញពីកម្ពុជា និងដាក់ឈ្មោះក្នុងបញ្ជីគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍៕