(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ នគបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានបញ្ជូនខ្លួន ឈ្មោះ លឿង អ៊ាន់ អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីសុរិយោដី ខេត្តកណ្តាល ទៅតុលាការ ពាក់ព័ន្ធករណីចុះពីរថយន្តរត់ចង់លោតទឹកសម្លាប់ខ្លួន ព្រោះតែសារជាតិថ្នាំញៀន។ ប៉ុន្តែសមត្ថកិច្ចបានឃើញទាន់ ក*ជួយអន្តរាគមន៍ ឃាត់បញ្ជូនមកខណ្ឌ រួចធ្វើតេស្តទឹកនោម ក្រោយមកបានរកឃើញថា មន្ត្រីសូរិយោដីរូបនេះ ពិតជាមានផ្ទុកសារធាតុញៀនក្នុងខ្លួន។
បន្ទាប់ពីការសាកសួរត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃដដែលនេះ លោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យនគបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា នាំខ្លួនមន្ត្រីសូរិយោដីខេត្តកណ្តាលរូបនេះ ទៅមណ្ឌលបន្សាបគ្រឿងញៀនតាមកំណត់ច្បាប់។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញមន្ត្រីសុរិយោដីខេត្តកណ្តាលម្នាក់ចេញពីក្លិបត្រូហ្វែស នៅម៉ោង០០៖១០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បើករថយន្តម៉ាក ឡិចស៊ីស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Al:5422 ម្នាក់ឯងដល់លើស្ពាន ដោយស្ថិតក្នុងសភាពបាត់បង់ស្មារតី រួចបានចុះពីរថយន្ត ចង់លោតទឹកសម្លាប់ខ្លួន តែសមត្ថកិច្ចបានឃើញទាន់ក៍ជួយអន្តរាគមន៍ ឃាត់ខ្លួនដើម្បីអប់រំ។ ប៉ុន្តែក្រោយធ្វើតេស្តពិនិត្យទឹកនោមរួច ឃើញមានផ្ទុកសារធាតុញៀន ទើបកសាងសំណុំរឿងបញ្ជូនមកតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
នៅទីបញ្ចប់លោកស្រី ស៊ឺ វណ្ណី ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យយកមន្ត្រីសូរិយោដីរូបនេះ ទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន៕