(ភ្នំពេញ)៖ នៅអំឡុងពេលជិតមួយអាណត្តិ (ជិត៥ឆ្នាំ) កុមារនៅកម្ពុជាប្រមាណ៣ម៉ឺននាក់ ត្រូវបានរាជរដ្ឋាភិបាលជួយសង្គ្រោះឱ្យផុតពីស្ថានភាពពលកម្មធ្ងន់ធ្ងរ ព្រមទាំងបានផ្ដល់នូវលទ្ធភាពទទួលបានការអប់រំចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប៉ុន្តែបញ្ហានិទណ្ឌភាពនៅតែជាបញ្ហាចម្បងមួយ ដែលជំរុញឱ្យកើតមានពលកម្មកុមារធ្ងន់ធ្ងរ។
នេះជាការបញ្ជាក់របស់លោក វ៉ៀង ហៀង អគ្គលេខាធិការគណៈកម្មការជាតិប្រឆាំងពលកម្មកុមារ ដែលបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៧ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកស្រី ស៊ើង សរសុចិន្តា រដ្ឋលេខាធិការក្រសួងការងារ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោក វ៉ៀង ហៀង បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់រយៈពេលឆ្នាំ២០១៧នេះ យើងបានដកហូតក្មេងប្រមាណ ៤០០នាក់ ពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដោយយើងមិនបានរាប់បញ្ចូលក្រុមប្រឹក្សា និងយុវជនទេ ពីព្រោះកិច្ចការទាំងអស់នេះ យើងមានថវិកាដោយឡែកមួយទៀត សម្រាប់គាំទ្រជីវភាពក្រុមគ្រួសារ។ ចំពោះក្មេងមានចំនួន ៤០០នាក់ នៅក្នុងខេត្តចំនួន៤ មាននៅខេត្តត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ និងខេត្តកែប...ហើយក្នុងមួយអាណត្តិថ្មីនេះ យើងបានជួយគាត់បានដល់ ៣ម៉ឺននាក់ទៀត»។
លោកអគ្គលេខាធិការបានបញ្ជាក់ថា អតីតភាពការងាររបស់កុមារទាំង៤០០នាក់នេះ គឺធ្លាប់ធ្វើការនៅកន្លែងការងារផ្សេងគ្នា ដូចជានៅខេត្តកែប ពួកគេធ្លាប់ធ្វើការខាងនេសាទ បកសំបកក្ដាម និងឡើងភ្នំ នៅខេត្តត្បូងឃ្មុំ ភាគច្រើនធ្លាប់ធ្វើការខាងឡឥដ្ឋ និងចម្ការកៅស៊ូ រីឯនៅខេត្តសៀមរាប គឺបានដកហូតពីក្នុងការឡឥដ្ឋ នេសាទទឹកសាប និងកុមារមួយចំនួនទៀតឃើញថា ធ្លាប់ធ្វើការនៅកន្លែងមានគ្រោះថ្នាក់ ហើយនៅខេត្តបន្ទាយមានជ័យ មានការងារចំណាកស្រុក ធ្វើការនៅក្នុងចម្ការបែបឧស្សាហកម្ម និងកសិកម្មធ្ងន់ៗ ដូចជាចម្ការដំឡូងមី។ ដោយឡែក ករណីដែលបានរកឃើញថ្មី គឺការងារម៉ៅការធ្វើការជាមួយឪពុកម្ដាយ ក៏កំពុងចោទជាបញ្ហាចំពោះកុមារកម្ពុជាផងដែរ។
លោកបានបង្ហាញពីវឌ្ឍនភាពនៃការងារនេះថា ចាប់ពីឆ្នាំ២០០-២០១៣ រាជរដ្ឋាភិបាលបានជួយកុមារចាប់ពីពី ៧៥ម៉ឺននាក់ ធ្លាក់មកត្រឹម ៣៣ម៉ឺននាក់ (ថយចុះ ៤២ម៉ឺននាក់) ហើយនៅអាណត្តិថ្មីនេះ ដែលភាគច្រើនចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៧ឆ្នាំ ពីព្រោះមានកាយសម្បទាអាចធ្វើការងារបាន។
លោក វ៉ៀង ហៀង បន្តថា បន្ទាប់ពីបានជួយសង្គ្រោះ និងផ្ដល់លទ្ធភាពជូនកុមារទាំងនោះរួចមក ពួកគេមួយចំនួនបានទទួលការអប់រំរៀនសូត្រ ការបណ្ដុះបណ្ដាលជំនាញ រហូតមានមុខរបរផ្ទាល់ខ្លួនអាចចិញ្ចឹមជីវិតបាន ដូចជា កាត់សក់ កាត់ដេរ សម្អាងការជាដើម។
ថ្វីដ្បិតក្រុមការងារបានជួយសង្គ្រោះកុមារមួយចំនួនខាងលើក៏ពិតមែន ប៉ុន្តែលោក វ៉ៀង ហៀង បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនពីការអនុវត្តការងារនេះផងដែរ ដូចជា ការខ្វះខាតខ្លះចំពោះបទដ្ឋានគតិយុត្តិ កាតព្វកិច្ចអប់រំ ខ្វះធនធាន លទ្ធភាព និងពេលវេលា ឯបញ្ហានិទណ្ឌភាពចំពោះជនល្មើសក៏ជាបញ្ហាចម្បង។ ជីវភាពប្រជាពលរដ្ឋមួយចំនួននៅខ្សត់ខ្សោយ ជាហេតុនាំឱ្យឪពុកម្ដាយ អាណាព្យាបាល បញ្ជូនកូនៗទៅធ្វើការងារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាការបម្រើការងារក្នុងផ្ទះ ពេលខ្លះត្រូវម្ចាស់ផ្ទះ ឬនិយោជកធ្វើទារណ្ឌកម្ម ឬបង្ខំឱ្យធ្វើការធ្ងន់ជាដើម។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ទាំងឪពុកម្ដាយ និងនិយោជក អាចនឹងត្រូវទទួលទោសផងដែរ។ ម្យ៉ាងទៀត ការរាយការណ៍ពីបទល្មើសជាក់ស្ដែងក៏មានការខ្វះខាតទៀតផង៕