(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រេចឧបត្ថម្ភ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិបីឆ្នាំជាប់គ្នា ដោយចាប់ផ្តើមពីឆ្នាំ២០១៨ ដែលជាការប្រារព្ធលើកទី៨។
ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ជាព្រិត្តិការណ៍កីឡាប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងដើម្បី អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមេតាជាតិ នរោត្តម មុនិនាថ សីហនុ និងដើម្បីសុខភាព និងគ្រួសារ។ គោលបំណងនៃព្រឹត្តិការណ៍កីឡានេះ ក៏ដើម្បីរៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌ កម្មវិធីបរិស្ថាន និងដើម្បីអបអរព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី១២៤ ផងដែរ។
បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជារឿយៗតែងចូលរួមចំណែកលើកស្ទួយវិស័យកីឡា ហើយការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍កីឡា រយៈពេលបីឆ្នាំខាងមុខនេះ បានសរបញ្ជាក់ពីការតាំងចិត្តថ្មីរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកស្ទួយវិស័យនេះ»។
គួរបញ្ជាក់ផងដែរថា គ្រប់កីឡាករទាំងអស់ដែលចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៨ នឹងទទួលបានទឹកសុទ្ធកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំងវើក ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលរត់ប្រណាំង៕