(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិចំនួន៤១នាក់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

ក្រៅពីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ក៏មានការបំពាក់មេដាយការជូនដល់មន្ដ្រីនគរបាលផងដែរ ដោយក្នុងនោះ មេដាយការងារ តាមលំដាប់ថ្នាក់ ចំនួន៣៩នាក់, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំនួន១៤នាក់ និងប័ណ្ណសរសើរចំនួន១៤នាក់ ដែលមានស្នាក់ដៃល្អ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ប្រចាំឆ្នាំ២០១៧។

ថ្លែងក្នុង​ឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។

នាយឧត្តមសេនីយ៍អគ្គស្នងការរង ​បានបញ្ជាកម្លាំងនគរបាល​ខេត្តប៉ៃលិនទាំងអស់ ដាច់ខាតត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការពារឲ្យខាងតែបាន នូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏​បានប្រាប់ទៅកាន់មន្ដ្រីនគរបាល ដែលទើបតែទទួលបានភារកិច្ចថ្មី មុខតំណែងថ្មី ត្រូវបំពេញកិច្ចការងារ ទៅតាមភារកិច្ចរបស់ខ្លួន មិនត្រូវយកអំណាចទៅគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់នោះទេ។ ដោយឡែកមន្ដ្រីនគរបាល ដែលមិនទាន់បានឡើងឋានៈ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារបន្ដទៀត៕