(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងធនាគារស្ថាបនា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាកម្មថ្មីសម្រាប់អតិថិជនរបស់ខ្លួន។ ឥឡូវនេះ អតិថិជនធនាគារស្ថាបនា នឹងមានងាយស្រួល ក្នុងការផ្ទេរប្រាក់ និងទូទាត់ប្រាក់កម្ចី តាមរយៈសេវាកម្ម ដែលផ្តល់ជូនដោយធនាគារឯកទេសវីង។
ជាងនេះទៅទៀត អតិថិជនរបស់ធនាគារស្ថាបនា ក៏អាចទទួលបានសេវាកម្មជាច្រើន ពីធនាគារឯកទេសវីង តាមរយៈដៃគូពាណិជ្ជកម្មចំនួន១,២០០០ ដៃគូសហការបង់ប្រាក់ជាង២០០ និងដៃគូផ្ទេរប្រាក់ពីគ្រប់បណ្តាប្រទេស ជាង៥០ នៅទូទាំងពិភពលោក និងសេវាកម្មវីងផ្សេងៗទៀត។
ថ្លែងនៅក្នុងពិធីនោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានភាពជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់ជាឱកាសសម្រាប់មនុស្សរាប់លាននាក់ ដែលមិនមាន ឬមិនធ្លាប់ប្រើប្រាស់ សេវាកម្មធនាគារ នៅក្នុងតំបន់ប្រតិបត្តិការរបស់វីង ក្នុងការទទួលយកប្រាក់កម្ចីពីធនាគារស្ថាបនា ដើម្បីពង្រីកអាជីវកម្ម ការបង់ប្រាក់កម្ចីទិញផ្ទះ ផ្គត់ផ្គង់ការរៀនសូត្រកូន និងប្រកបសកម្មភាព ផ្សេងៗទៀត។
លោក ម៉ាឡូឡូស បានថ្លែងថា «យើងបានឃើញមនុស្សរាប់ពាន់នាក់ ដែលជីវិតរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈប្រាក់កម្ចីហិរញ្ញវត្ថុ ពីធនាគារស្ថាបនា។ ទីនេះ វីងនឹងជួយធ្វើឲ្យក្តីសុបិន្តរបស់ពួកគេ កាន់តែងាយស្រួលតាមរយៈការផ្ទេរប្រាក់ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទចល័ត»។
លោក កាតូ នូរីហ៊ីកូ នាយកប្រតិបត្តិធនគារស្ថាបនា បានថ្លែងថា «យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានចាប់ផ្តើមសេវាកម្មទាំងនេះ ជាមួយវីង ដែលនេះជាផ្នែកមួយ នៃការសន្យារបស់យើងក្នុងការ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារ ដែលប្រកបដោយសុវត្ថិភាព មានភាពងាយស្រួលនិងរហ័ស»។
លោក នូរីហ៊ីកូ បានបន្ដថា «អតិថិជនឥណទាន ក៏អាចធ្វើការទូទាត់ប្រាក់កម្ចី នៅតាមភ្នាក់ងារវីងចំនួនជាង ៥,០០០ កន្លែងទូទាំងប្រទេស។ ការផ្ទេរប្រាក់ (ឬបញ្ចូលទឹកប្រាក់) ពីគណនីស្ថាបនាទៅគណនីវីង ក៏នឹងមានភាពងាយស្រួល និងរលូនផងដែរ នៅពេលសេវាកម្មធនាគារចល័តស្ថាបនា និងកម្មវិធីអាយ បេងឃីងរបស់ធនាគារ ស្ថាបនាចាប់ផ្តើម»។
សេវាហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារស្ថាបនា ទូទាត់ប្រាក់កម្ចី ឬផ្ទេរប្រាក់ពីគណនីវីង តាមរយៈការចុចលេខកូដ *989# កម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីង ជាង ៥,០០០ កន្លែងនៅទូទាំងប្រទេស។
សម្រាប់រយៈពេលបីខែដំបូង បន្ទាប់ពីការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវសេវាកម្មថ្មី អតិថិជននឹងមិនចាំបាច់ត្រូវបង់កម្រៃសេវាកម្មនោះឡើយ សម្រាប់ប្រតិបតិ្តការដូចការទូទាត់ប្រាក់កម្ចីតាមវីង ឬផ្ទេរប្រាក់រវាងគណនីវីង និងគណនីធនាគារស្ថាបនា។
បន្ថែមលើនេះ អតិថិជនរបស់ធនាគារស្ថាបនា ក៏អាចប្រើប្រាស់សេវាកម្មជាច្រើនទៀតរបស់វីង ដូចជាបញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក័យប័ត្រ ទិញទំនិញតាមអនឡាញ ផ្ទេរប្រាក់ទៅអ្នកកាន់គណនីវីង និងអ្នកដទៃទៀត តាមរយៈទូរស័ព្ទដៃរបស់ពួកគាត់យ៉ាងងាយស្រួល តាមរយៈកម្មវិធីស្មាតហ្វូនវីង៕