(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់ ដើម្បីស្ថាបនាផ្លូវ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងទំពុន-ជើងឯក ដោយធ្វើការតភ្ជាប់ពីផ្លូវជាតិលេខ២ ត្រង់ចំណុចភ្លើងស្តុបវត្តចាក់អង្រែក្រោម ឆ្លងកាត់ផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់ផ្លូវ៣៧១ ប្រយោជន៍ដើម្បីជួយសំរួលការកកស្ទះចរាចរណ៍ ម្តុំច្រមុះជ្រូកក្បាលថ្នល់ ឲ្យមានលក្ខណៈល្អប្រសើរ។ នេះតាមការឲ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោកថា ការសម្រេចនេះ បានកើតមានឡើង នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ING និងអាជ្ញាធរខណ្ឌមានជ័យ ខណ្ឌដង្កោ ព្រមទាំងមន្ត្រីជំនាញផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបន្ថែមឲ្យដឹងក្រោយកិច្ចប្រជុំថា ការស្ថាបនាផ្លូវអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលមានទទឺង៣០ម៉ែត្រនេះ គឺដើម្បីអនុវត្ដន៍ទៅតាមគំរោង ប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក-បឹងទំពុនផង និងជាការរៀបចំឲ្យមានសរសៃឈាមបន្ថែមទៀត នៅក្នុងការរៀបចំប្រព័ន្ធចរាចរណ៍ឲ្យមានលក្ខណៈល្អប្រសើរ ក៏ដូចជា សំរួល និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់ច្រមុះជ្រូកក្បាលថ្នល់។
លោកបន្តថា វត្តមានផ្លូវអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង នេះ នឹងជួយប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើដំណើរពីផ្លូវ៣៧១ កាត់មកដល់ ផ្លូវជាតិលេខ២តែម្តង។ លោកបន្ថែមថា ផ្លូវខាងលើនេះ នឹងមានការតភ្ជាប់ជាមួយស្ពានមួយខ្សែស្របតាមផ្លូវនេះផងដែរ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីប្លង់ និងផលប៉ះពាល់ផ្សេងៗដែលកើតមានឡើង ខណៈធ្វើការស្ថាបនាផ្លូវនេះ។ ជាមួយគ្នានេះ លោកអភិបាលរាជធានី ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ឋពន្លឿន ក្នុងការដោះស្រាយផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវនេះឲ្យបានលឿនទៅមុខ។
មហាវិថីអ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង ជាគម្រោងចាស់ មានទទឹង៣០ម៉ែត្រ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ ផ្លូវនេះមានសារសំខាន់ក្នុងការរំដោះចរាចរចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន-ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង៕