(ត្បូងឃ្មុំ)៖ បុរសម្នាក់បានបង្ហោះវីដេអូ តាមបណ្ដាញសង្គម Facebook បង្កឲ្យមានការភ្ញាក់ផ្អើល ដោយរូបគេបានអះអាងថា បានទៅទិញភេសជ្ជៈ Oishi មួយដបមកផឹក ស្រាប់តែត្រូវរង្វាន់ រថយន្ដមួយគ្រឿង ប៉ុន្ដែរង្វាន់នោះមិនបានមកខ្លួនទេ ដោយត្រូវថៅកែខារ៉ាអូខេ «វិមានទ្រព្យ» ស៊ីដាច់គម្របដបដើម្បីយកទៅបើករង្វាន់។
បន្ទាប់ពីមានករណីនេះកើតឡើង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានអះអាងថា រឿងនេះគឺជារឿងពិត ហើយលោកបានកោះហៅអ្នកពាក់ព័ន្ធទាំងអស់ក្នុងករណីនេះ ដើម្បីមកធ្វើការសួររកខុសត្រូវ និងបានស្នើទៅក្រុមហ៊ុន Oishi ឲ្យផ្អាកការផ្ដល់រង្វាន់លើករណីនេះ ជាបណ្ដោះអាសន្នសិន ដោយរង់ចាំការដោះស្រាយចប់សព្វគ្រប់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ រឿងនេះ ពាក់ព័ន្ធមនុស្ស៣នាក់ មានកម្មករ២នាក់ (ម្នាក់ពិការ) ផ្តើមចេញពីលុយធិបចំនួន៥ពាន់រៀល ហើយនាំគ្នាទៅទិញទឹក Oishi ១ដបហូប២នាក់ ស្រាប់តែត្រូវរង្វាន់ឡានមួយគ្រឿងតែម្ដង។
បុរសដែលបានបង្ហោះសារ បានរៀបរាប់ថា នៅពេលត្រូវរង្វាន់រូបគេហ៊ានរក្សាទុកខ្លួនឯងនោះទេ ពោលយកទៅផ្ញើនៅថៅកែការ៉ាអូខេ «វិមានទ្រព្យ» ដើម្បីឲ្យជួយរក្សាទុកសម្រាប់បើករង្វាន់ ប៉ុន្ដែត្រូវថៅកែរូបនោះ ស៊ីដាច់យកទៅបើកដោយខ្លួនឯងវិញ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា នៅពេលនេះ រង្វាន់មិនទាន់បើកបាននៅឡើយទេ ហើយអ្នកទាំង៣ កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់។ ដោយឡែក សមត្ថកិច្ចជំនាញ បានធ្វើការទាក់ទងទៅក្រុមហ៊ុន ដើម្បីផ្អាកផ្តល់រង្វាន់សិន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់៕