(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឱ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ចុះធ្វើការស្រាវជ្រាវ និងណែនាំដល់បណ្តាក្រុមហ៊ុន និងដេប៉ូផ្គត់ផ្គង់ចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់អនុវត្ត ឱ្យបានត្រឹមត្រូវតាមវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងប្រើប្រាស់ថ្នាំកសិកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ អនុញ្ញាតឲ្យក្រុមហ៊ុន ធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ដំណើរការនាំចូល និងផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មឡើងវិញ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងបទបញ្ញាត្តិពាក់ព័ន្ធផ្សេងទៀត។
២៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការ នៅមាត់ច្រកព្រំដែនអន្តរជាតិ ច្រកទ្វេភាគី ច្រករបៀង និងច្រកចេញចូលផ្សេងៗទៀត មានសមត្ថកិច្ចជួយសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មឱ្យបានល្អប្រសើរ និងជួយទប់ស្កាត់នូវករណីរត់ពន្ធខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
៣៖ នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវជំរុញពង្រឹងការផ្សព្វផ្សាយបច្ចេកទេស និងលើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ឱ្យបានយល់ដឹងពីហានិភ័យដែលបង្កឡើងដោយថ្នាំកសិកម្ម។
៤៖ ក្នុងករណីមានបទល្មើសនាំចូលថ្នាំកសិកម្មខុសច្បាប់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តត្រូវរួមសហកម្មការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម ចុះទប់ស្កាត់បង្រ្កាបឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជៀសវាង ការបង្កផលប៉ះពាល់ដល់ការងារបងកបង្កើនផលរបស់ប្រជាកសិករនារដូវវស្សាខាងនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចខាងក្រោម៖