(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរបស់ខ្លួនចុះពិនិត្យទំនិញនៅទីតាំងផ្សារដូនស និងពិនិត្យចំណីអាហារក្នុងបរិវេណសាលារៀនវិទ្យាល័យដូនស ឃុំដូនស ស្រុកស្វាយជ្រំ ដោយបានរកឃើញទំនិញខូចគុណភាពជាង៣០០គីឡូក្រាម និងដំណាប់ចាហ៊ួយ ដែលជាមុខទំនិញហាមឃាត់បានចំនួន ២០កេះយកទៅដុតកម្ទេចចោល។
លោក ផឹង និល ប្រធានកាំកុងត្រូលខេត្តស្វាយរៀង បានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារដូនស ដោយបានរកឃើញទំនិញខូចគុណភាព បានជាង៣០០គីឡូក្រាម ជាពិសេសបានដកហូតចាហ៊ួយដំណាប់ដូងចំនួន ២០កេះ ជាមុខទំនិញហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
លោកបន្តថា ដំណាប់ចាហ៊ូយនេះ កាលណាបរិភោគទៅនឹងប៉ះពាល់ដល់ប្រដាប់រំលាយអាហារ ព្រោះវាជាប្រភេទចាហ៊ួយដែលរឹងដូចកៅ ស៊ូនាំចូលពីក្រៅប្រទេសតាមច្រករបៀង ហើយកម្លាំងជំនាញ បានដកហូតយកទៅកម្ទេចចោលផងដែ។
ដោយឡែក អ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះពួកគាត់បានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព។
ជាមួយគ្នានោះ លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕