(កណ្តាល)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) និង លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីពិភាក្សាសុំកិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញារធរ មន្ទីរពាក់ពន្ធជុំវិញខេត្តលើការដឹកជញ្ជូនស្រូវកសិផល ដើម្បីអនុវត្តគម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីឥណទាន ពិសេសរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសនោះ លោក កៅ ថាច បានរំលឹកឡើងអំពីប្រវត្តិនៃការធ្លាក់តម្លៃស្រូវ ក្នុងអំឡុងឆ្នាំ២០១៦ ក្នុងនោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាកសិករ។ ទន្ទឹមនេះដោយទទួលបានការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការដោះស្រាយទាន់ពេលវេលា ក្នុងនោះរាជរដ្ឋាភិបាលបានទំលាក់ នូវកញ្ចប់ឥណទានពិសេសជាបន្តបន្ទាប់ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ឥណទាន ជូនវិស័យឯកជនរោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ នៅតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នងមួយថ្ងៃ។
លោកអគ្គនាយកបន្តថា ដោយឡែកសម្រាប់តំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង ឃ្លាំងស្តុកស្រូវ និងឡសំងួតក៏កំពុងសាងសង់ជិតរួចដែរ ដែលមានលទ្ធភាពស្តុកស្រូវបាន៥ម៉ឺនតោន និងឡសំងួតស្រូវបាន១៥០០តោនក្នុងមួយថ្ងៃ បន្ថែមពីលើឡសំងួត និងឃ្លាំងស្តុកស្រូវដែលមានស្រាប់។ ដូចនេះ នៅតាមបណ្តាលខេត្ត ជាគោលដៅមាន រោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូរបស់ធនាគារអភិវឌ្ឍន៍ជនបទ នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូលផលស្រូវដោយរក្សាស្ថេរភាពថ្លៃស្រូវ និងការពារបានការធ្លាក់ថ្លៃស្រូវជាយថាហេតុណាមួយ ដោយចៃដន្យដូចក្នុងឆ្នាំ២០១៦ទៀត។
លោក កៅ ថាច បានបន្ថែមទៀតថា ធនាគារអភិវឌ្ឍន៍ជនបទ មានតួនាទីទម្លាក់កញ្ចប់ឥណទានពិសេស ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ដោយអត្រាការប្រាក់ទាប ដោយដាក់ស្តុកស្រូវធ្វើជាវត្ថុធានាបំណុល ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ។ តាមរយៈយន្តការនេះ តំលៃស្រូវមានការកើនឡើង ហើយស្រូវត្រូវបានទិញលក់តាមតំលៃទីផ្សារ និងពុំមានការទម្លាក់ថ្លៃចុះដូចឆ្នាំមុនៗទៀតឡើយ។ បន្ថែមលើនេះ ដោយទទួលបានការអនុញ្ញតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធានាគារអភិវឌ្ឍន៍ជនបទ បានត្រៀមនូវកញ្ចប់ឥណទានពិសេស ដើម្បីគាំទ្រដល់សហគមន៍កសិកម្មផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានធ្វើការស្នើសុំ និងសំណូមពរដល់អាជ្ញាធរ និងមន្ទីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ អំពីកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល និងគម្រោងអន្តរគមន៍របស់រាជរដ្ឋាភិបាលឲ្យបានទូលំទូលាយ និងសូមជួយសម្រួលដល់ការដឹកជញ្ជូនស្រូវពីស្រែ របស់ប្រជាកសិករដែលនៅឆ្ងាយៗ មកកាន់កន្លៃងលក់ ឬដឹកមកទីតាំងរោងម៉ាស៊ីនផ្ទាល់។
លោកអគ្គនាយកក៏បានជំរុញឲ្យមន្ទីរកសិកម្ម មន្ទីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ ដល់ប្រជាកសិករអំពីកិច្ចសន្យាកសិកម្ម និងជំរុញឲ្យមានការចងក្រងសហគមន៍កសិកម្មឲ្យបានទូលំទូលាយ ទាំងសហគមន៍ផលិតស្រូវ ដាំដុះបន្លែសុវត្ថិភាព ការចញ្ចឹមសត្វជាដើម ហើយធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ឥណទានជូនដោយអត្រាការប្រាក់ទាប៕