(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានលើកឡើងថា គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវីលរ៉ាំរ៉ៃជាង៣០ឆ្នាំ និងនាំការអភិវឌ្ឍរីកចម្រើនដល់កម្ពុជា ដូច្នេះហើយកងទ័ព និងប្រជាជនកម្ពុជា ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារថែរក្សាឲ្យបានសុខសន្តិភាព មិនអនុញ្ញាតឲ្យជនក្បត់ជាតិណា ឬបរទេសណាមកបំផ្លាញ ដូចអតីតកាលឡើយ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ជា តារា ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជំនួបជាមួយប្រតិភូនិស្សិតនាយទាហានចម្រុះជាតិសាសន៍ មកពីមហាវិទ្យាល័យការពារជាតិ នៃប្រទេសតង់សានៀ២៣រូប (Tanzania, Kenya, China, Burandi, Nigeria, Egypt, Rwanda,) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ចា កុប (Jacob Gideon Kingu) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសប្រតិភូមកបំពេញទស្សនកិច្ចសិក្សា នៅកម្ពុជា។
នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ជូនថា កម្ពុជាបានបង្រួបង្រួមជាតិ ក្រោមឆ័ត្រអ៊ុនតាក់ នាំមកនូវការបោះឆ្នោតឆ្នាំ១៩៩៣ តែពេលនោះសង្គ្រាមផ្ទៃក្នុង នៅបន្តរហូតឆ្នាំ១៩៩៨ អាស្រ័យដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុង នូវសង្គ្រាមរ៉ាំរ៉ៃជាងបីទសវត្សរ៍ នាំមកនូវសុខសន្តិភាពពេញលេញ បង្កជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យដល់ថ្ងៃនេះ។
នាយឧត្តមសេនីយ៍ សង្កត់យ៉ាងដូច្នេះថា «យើងមិនខ្លាចនឹងធ្វើការលះបង់ និងចំណាយអ្វីក៏ដោយឲ្យតែរក្សាបាននូវសន្តិភាព។ ចង់បានសន្តិភាព ត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ឲ្យទាល់តែបាន មិនបណ្តោយឲ្យក្រុមជនអគិតណាមួយ មកបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាបាននោះទេ។ ក្នុងន័យនេះ គឺយើងមិនអនុញ្ញាតឲ្យជនក្បត់ជាតិណា ឬបរទេសណាមកបំផ្លាញកម្ពុជា ដូចទៅនឹងអតីតកាលដ៏ជូរចត់ម្ដងទៀតឡើយ ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែទប់ស្កាត់ជាដាច់ខាត»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ចា កុប បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលថែរក្សាបាននូវសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងការទូតជាដើម។
ជាក់ស្តែងកម្ពុជាបានប្រែក្លាយ ពីប្រទេសដែលបានទទួលនូវកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ (UNTAC) ទៅជាអ្នកបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅក្រៅ ប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កម្ពុជាពីប្រទេសដែលទទួលរងគ្រោះ ដោយសារមីន ក្លាយជាប្រទេសដែលឈានមុខគេ លើពិភពលោកក្នុងយុទ្ធនាការប្រឆាំងមីន ហើយក្នុងនាមមហាវិទ្យាល័យការពារជាតិតង់សានៀ គាំទ្រដំណើរការកែទម្រង់គ្រប់បែបយ៉ាង របស់សាកលវិទ្យាល័យការពារជាតិកម្ពុជា ដើម្បីថែរក្សាសន្តិភាពជាចម្បង។
សូមបញ្ជាក់ថា ប្រទេសតង់សានៀ ជាប្រទេសមួយស្ថិតក្នុងទ្វីបអាហ្វ្រិកខាងកើត មានផ្ទៃដីជាង៩៤៧ពាន់គីឡូម៉ែត្រការ៉េ មានប្រជាជនប្រមាណ៥៥លាននាក់ កងទ័ព២៧ម៉ឺននាក់ និងប្រតិភូចម្រុះជាតិសាសន៍ នៃមហាវិទ្យាល័យការពារជាតិតង់សានៀ មកទស្សនកិច្ចនាពេលនេះមាន២៣រូប មកពី៧ប្រទេស៕