(ក្រចេះ)៖ ឆ្មាំទន្លេ សហការជាមួយសហគមនេសាទជ្រោយបន្ទាយ ដឹកនាំដោយលោក ម៉ក់ ពន្លក នាយរងខណ្ឌជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបបទល្មើសជលផល ដោយរឹបអូសបានវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកណ្ដាលទន្លេមេគង្គ ស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក ម៉ក់ ពន្លក បានថ្លែប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ក្នុងការបង្រ្កាបនេះ ដោយមានការចង្អល់បង្ហាញពីលោក សៀង គិន នាយខណ្ឌជលផលខេត្ត វត្ថតាងដកហូតបានរួមមាន៖ ម៉ងក្រឡាធំ១,៥ (មួយទឹកកន្លះ) ចំនួន៤ត្បូង ប្រវែងជិត២០០០ម៉ែត្រ ទូកចំនួន៤គ្រឿង ម៉ាស៊ីនចំនួន៤គ្រឿង យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌជលផល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ស្ដីពីជលផល។
លោក ម៉ក់ ពន្លក បានបន្តថា ប្រតិបត្តិការបង្រ្កាបនេះ មិនបានឃាត់ខ្លួនជនល្មើសទេ ព្រោះពួកគេបានរត់គេចខ្លួនបាត់ស្រមោល ដោយបានបន្សល់ទុកនូវវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនផងដែរ។
លោកបញ្ជាក់ថា រដូវនេះរដូវបិទឡូតិ៍នេសាទ ហើយត្រីកំពុងពង ច្បាប់ត្រូវហាមឃាត់មិនឱ្យមានការចូលទៅនេសាទ នៅតាមទីតាំងមួយចំនួន ដូច្នេះហើយលោកបានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសនេសាទនេះភ្លៀងរលឹម ដើម្បីទប់ស្កាត់ជនឱកាសនិយមមួយចំនួនផងដែរ៕