(ភ្នំពេញ)៖ ជានិច្ចជាកាល នៅរៀងរាល់ថ្ងៃឈប់សម្រាកនាចុងសប្តាហ៍ គេតែងឃើញក្រុមការងាររបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងចុះធ្វើការសំណេះសំណាល និងជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ ដល់មូលដ្ឋានផ្ទាល់ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ក៏ដូចជាថ្ងៃឈប់សម្រាកមុនៗដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយលោក ជរ គឹមស៊ និងលោក អ៊ុយ សុន តំណាងអជ្ញាធរខណ្ឌ ព្រមទាំងសហការីក្រុមការងារ លោក លោកស្រី អជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានសមាជិកចូលរួមទទួលស្វាគមន៍សរុប ចំនួន ១៧២១នាក់។
ឋិតក្នុងបរិយាកាសញញឹមញញែមរុះរាយរាក់ទាក់របស់ប្រជាពលរដ្ឋនិងក្រុមការងារ ព្រមទាំងសកម្មភាពបរិភោគការ៉េមនំប៉័ង ទឹកសុទ្ធ ទឹកអំពៅ ប្រកបដោយភាពស្និតស្នាលជាមួយគ្នា អាចបញ្ជាក់យ៉ាងច្បាស់ថា ក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍន៍ ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋពិតជា រស់នៅ ជួបជុំគ្នាប្រកបដោយការសប្បាយរីករាយ សុខដុមរមនា យ៉ាងពិតប្រាកដ។
គិតមកដល់ត្រឹមថ្ងៃអាទិត្យនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្លាប់បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋផ្ទាល់ សរុបប្រមាណប្រាំពាន់នាក់ ប្រកបដោយភាពស្និតស្នាលបំផុត ដោយក្នុងនោះប្រជាពលរដ្ឋម្នាក់ៗបានសម្តែងការស្វាគមន៍ ក្រុមការងារ របស់លោកយ៉ាងរុះរាយរាក់ទាក់កក់ក្តៅគ្រប់ពេលវេលា ហើយគ្រប់ពេលជួបសំណេះសំណាល ប្រជាពលរដ្ឋគ្រប់រូប តែងតែបានអះអាងប្រាប់ដល់ក្រុមការងារលោក រ័ត្ន ស្រ៊ាង ថាពួកគាត់ពិតជាស្រឡាញ់ពេញចិត្តចំពោះសន្តិភាព និងការអភិវឌ្ឍន៍ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនសំខាន់ៗនៃគណបក្សប្រជាជនកម្ពុជា បាននាំយកមកដោយលំបាក ជូនដល់កម្ពុជានាបច្ចុប្បន្ននេះយ៉ាងជ្រាលជ្រៅខ្លាំងក្លាបំផុត។ ព្រមជាមួយគ្នានោះ គេក៏បានសង្កេតឃើញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកសម្លៀកបំពាក់កីឡា មកចែកជូនដល់ កុមារា កុមារី យុវជន យុវតី ក្នុងសង្កាត់ព្រែកកំពឹស ប្រមាណ២១០០នាក់ រួចមកហើយ ហើយថែមទាំងបាននាំក្រុមការងារគ្រូពេទ្យរបស់អាវុធហត្ថ រាជធានីភ្នំពេញ ចុះមកពិនិត្យនិងបើកថ្នាំព្យាបាលជូនប្រជាពលរដ្ឋបានប្រមាណជា១ពាន់នាក់មកហើយ ហើយក៏នឹងបន្តចុះធ្វើបែបនេះនៅថ្ងៃឈប់សម្រាកក្រោយៗជាបន្តទៀត។ ក្រៅពីនេះក៏មានគ្រួសារក្រីក្រចំនួន១៣គ្រួសារ ត្រូវបាន លោក រ័ត្ន ស្រ៊ាង ឧបត្ថម្ភ នូវ អង្ករគ្រប់គ្រាន់ និង ថវិកាពី១០ទៅ២០ម៉ឺនរៀលក្នុងមួយគ្រួសារ ជារៀងរាល់ខែមិនដែលខានផងដែរ។
លោក រ័ត្ន ស្រ៊ាង បានធ្វើការផ្តាំផ្ញើនិងផ្តល់ដំបូន្មានមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នាក្នុងភូមិ សម្រាប់យកទៅពិចារណានិងអនុវត្ត ដើម្បីបង្កើនកម្រិតជីវភាពឲ្យរឹតតែប្រសើរឡើងថែមមួយកម្រិត ជៀសផុតពីភាពក្រីក្រ។ ដោយលោកលើកឡើងថា៖
- សូមបងប្អូនទាំងអស់ចូលរួមថែរក្សាសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃឲ្យនៅគង់វង្សជាដាច់ខាត។
- សូមបងប្អូនត្រូវចេះរៀបចំសេដ្ឋកិច្ចគ្រួសារធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល។
- សូមបងប្អូនត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យជាប់ជាប្រចាំដោយទៅត្រួតពិនិត្យសុខភាព១ឬ២ដងក្នុងមួយឆ្នាំ និងចាក់ថ្នាំបង្កាជម្ងឺផ្សេងៗ។
- សូមបងប្អូនត្រូវប្រឹងប្រែងជួយខ្លួនឯងជាមុនសិន ចាំរកអ្នកដ៏ទៃជួយជាក្រោយ។
- សូមបងប្អូនដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕