(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដោយត្រង់ៗទៅកាន់ភាគីថៃតាមររយៈលោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ឲ្យពិនិត្យចំពោះការដាក់លក់អង្កររបស់ថៃដោយប្រើនិមិត្តសញ្ញាប្រាសាទអង្គររបស់ខ្មែរនៅលើការ៉ុងអង្ករ ក្នុងទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា។
សំណើបានធ្វើឡើងក្នុងជំនួបសំណេះសំណាលការងាររវាងលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយលោកឯកអគ្គរាជទូតថៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
ឆ្លើយតបសំណើនេះ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប បានបញ្ជាក់ថា អាជ្ញាធរថៃ បានជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់នោះឡើយ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗមានការប្រតិកម្មមួយពីសំណាក់ប្រជាពលរដ្ឋខ្មែរ ចំពោះអង្កររបស់ថៃ ដែលបានយកប្រាសាទអង្គររបស់ខ្មែរធ្វើជានិមិត្តសញ្ញានៅលើការ៉ុងអង្កររបស់ខ្លួន ហើយសរសេរជាអក្សរខ្មែរ «អង្ករក្រអូបពិសេស» ថែមទៀត។ ក្រោយមានការប្រតិកម្មនេះ ក្រសួងពាណិជ្ជកម្មក៏បានស្រាវជ្រាវ និងរកឃើញថា អង្ករទាំងនេះមានដាក់លក់នៅតាមផ្សារមួយចំនួនក្នុងទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា។
ក្រសួងពាណិជ្ជកម្ម ក៏បានទាក់ទងភ្លាមៗទៅភាគីថៃ ដើម្បីចាត់វិធានការទៅលើបញ្ហានេះផងដែរ។ ក្រសួងពាណិជ្ជកម្មចាត់ទុកការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញអង្កររបស់ក្រុមហ៊ុនថៃនេះថា ជាការបំភ័ន្តអ្នកប្រើប្រាស់ពីប្រភពដើមនៃទំនិញ៕