(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ការវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ១៧ពាន់លានដុល្លារ។
លោកលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃសភាប្រឹក្សានយោបាយប្រជាជនចិន ដែលដឹកនាំដោយលោក សាង ហ្វ៊ូលីន ប្រធានគណៈកម្មាធិការ និងជាអតីតប្រធានគណៈកម្មការច្បាប់ធនាគារចិន ដោយមានការអមដំណើរពីមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជាផងដែរ នារសៀលថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ ដែលអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិននាឱកាសនេះ ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាស្វែងយល់បន្ថែមពីកាលានុវត្តភាព និងសក្ដានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនភាគីចិនពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូបក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់អ្នកវិនិយោគចិន នាពេលកន្លងមក ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ការផលិតអគ្គិសនី និងការកសាងផ្លូវល្បឿនលឿន ដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវបរិស្ថាន វិនិយោគ និងចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។
ទន្ទឹមគ្នានេះ លោកក៏បានសម្តែងនូវការពេញចិត្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់បានល្អ ដូចជា ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករ និយោជិត និងបានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើនឱ្យមកបណ្តាក់ទុន។
លោក សាង ហ្វ៊ូលីន បានអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាពិសេសគឺការទទួលបាននូវការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស ដែលនេះបានឆ្លុះបញ្ចាំងអំពីការជឿជាក់ទៅលើការដឹកនាំដ៏មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
លោកក៏បានរំលេចនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ»។
គួររំឭកថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ការវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ១៧ពាន់លានដុល្លារ៕