(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃថានឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានចំនួន ៦ប៊ីលានដុល្លារ រួចទៅហើយ។
លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃប្រចាំនៅកម្ពុជា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ លោក ឯកអគ្គរាជទូត និងបានលើកឡើងអំពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងថៃក៏ដូចជាវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិការលើវិស័យពាណិជ្ជកម្ម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរអន្តរជាតិ និងការពង្រីកកិច្ចសហការធុរកិច្ចរបស់ពាណិជ្ជករនៃប្រទេសទាំងពីរ។
លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលកន្លងមកបានជួយសម្របសម្រួលពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។
គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ ក្នុងនោះ ប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនពីរគឺ (១) យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តនៅជាប់ព្រំដែន និង(២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម៕