(ភ្នំពេញ)៖ ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាមទីជនបទដាច់ស្រយាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងស្នប់ធំ ចំនួន៤១អណ្តូង គិតជាទឹកប្រាក់ចំនួន ៩៩,៨៧២ដុល្លារអាមេរិក (ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំបីរយចិតសិបពីរដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៧៧៣គ្រួសារ ស្មើមនុស្ស ៣,៨៨០នាក់ រស់នៅតំបន់ដាច់ស្រយាល និងតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្នុងនោះ អណ្តូងចំនួន១៥ សម្រាប់ខេត្តក្រចេះ,១៤អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង១២អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹក។ល។
ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់អណ្តូងសរុបចំនួន ៤៣៣ និងជីក-ស្តារស្រះទឹកចំនួន ៧ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋចំនួន ១០.៤៦៩គ្រួសារ។ ដោយឡែក ក្នុងឆមាសទី ១ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា បានប្រគល់អណ្តូងឱ្យប្រើប្រាស់ជាផ្លូវការចំនួន ៦៦ រួចមកហើយ ហើយអណ្តូងទាំង ៤១ ដែលសម្រេចផ្តល់នៅពេលនេះ នឹងធ្វើពិធីប្រគល់ជាបន្តបន្ទាប់៕