(សៀមរាប)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបើកផ្លូវទំហំ៩ម៉ែត្រ ចំផ្សារផល្លារាត្រីអង្គរ ដោយគ្មានការរុះរើតូបអាជីវករនោះទេ, ភ្លាមៗបន្ទាប់អាជ្ញាធរបើកផ្លូវនេះ ប្រជាពលរដ្ឋនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានផ្ញើសារថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានគាំទ្រឲ្យមានការសម្រេចជូនប្រជាពលរដ្ឋ។
លិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ការសម្រេចបើកផ្លូវនេះ អាចធ្វើឲ្យពួកគាត់ធ្វើចរាចរណ៍, អាចបញ្ជៀសការកកស្ទះ, អាចទទួលអាស្រ័យផលបានគ្រប់ៗគ្នា និងក្រុងមានផ្លូវប្រទាក់ក្រឡាគ្នា នៅក្នុងខេត្តសៀមរាប។
ប្រជាពលរដ្ឋបានថ្លែងយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្ដីត្រេកអត និងពេញចិត្តជាខ្លាំងឥតឧបមា ដែលបានឃើញអាជ្ញាធរគ្រប់លំដាក់ថ្នាក់ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ខិតខំទាំងកម្លាំងកាយ និងកម្លាំងចិត្ត គាំទ្រ និងដោះស្រាយបញ្ហាផ្លូវដែលកើតមានអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ ជូនដល់ប្រជាពលរដ្ឋយើងខ្ញុំ»។
ពលរដ្ឋក៏បានបញ្ជាក់ផងដែរថា ការបើកផ្លូវនេះពុំមានផលប៉ះពាល់ និងបានរក្សាទុកតូបលក់ដូររបស់អាជីវករ អាចប្រកបរបរលក់ដូរក្នុងផ្សារផល្លារាត្រីអង្គរ នៅដដែល និងអាចដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋ និងអាជីវករ ព្រមទាំងម្ចាស់ផ្សារផល្លារាត្រីអង្គរផងដែរ៕