(ភ្នំពេញ)៖ ក្នុងគោលបំណងបង្កើនសមត្ថភាព និងការយល់ដឹងរបស់មន្រ្តីពាក់ព័ន្ធកម្ពុជា ក្នុងការកាត់បន្ថយហានិភ័យ នៃអាវុធគីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ័រ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអាវុធគីមី បានរៀបចំសិក្ខាសាលាបណ្តុះបណ្ដាលថ្នាក់ជាតិ «ស្តីពីការគ្រប់គ្រងសំណល់ជីវសាស្រ្ត» នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី និងឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី។ សិក្ខាសាលា មានការចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួន គឺមកពីក្រសួងការពារជាតិ អាជ្ញាធរជាតិអាវុធគីមី ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សកលវិទ្យាល័យសុខាភិបាល កាកបាទក្រហមកម្ពុជា និងសិក្ខាកាមមកពីរាជធានីខេត្តមួយចំនួនទៀតផងដែរ។
សិក្ខាសាលានេះ ត្រូវបានបង្ហាញដល់អ្នកចូលរួមនូវចំណុចសំខាន់មួយចំនួនដូចជា ១៖ ជូនដំណឹងដល់សិក្ខាកាមអំពីបទប្បញ្ញត្តិ គោលការណ៍ណែនាំ និងផែនការថ្មីៗ ដែលអាចធ្វើទៅបាន។ ២៖ បង្កើនការយល់ដឹង អំពីការអនុវត្តជាក់ស្តែង និងភាពលំបាកផ្សេងៗ ។ ៣៖ ផ្តល់ចំណេះដឹងដល់សិក្ខាកាម អំពីការអនុវត្តល្អៗពីអន្តរជាតិ និងការលាងសម្អាតសំណល់ជីវសាស្ត្រឱ្យត្រឹមត្រូវតាមបច្ចេកទេស ក្នុងរយៈពេលខ្លី និងវែង ។
ការគ្រប់គ្រងកាកសំណល់ជីវសាស្រ្ត គឺជាដំណើរការស្មុគ្រស្មាញ ដែលរួមមានជំហានមួយចំនួនជាសង្ខេប ដូចជា៖ ការបង្កើត ការបែងចែក ការវេចខ្ចប់ ការទុកដាក់កាកសំណល់ និងការសម្អាតនៅនឹងកន្លែង។ ការប្រមូល និងការដឹកជញ្ជូនកាកសំណល់។ ការសម្អាត និងកំចាត់ចោលកាកសំណល់ចុងក្រោយ ។
នេះជាលើកទី៤ហើយ ដែលមជ្ឈមណ្ឌលឧត្តមភាពសហភាពអ៊ឺរ៉ុប (CBRN Centre of Excellence, EU ) បានមកធ្វើសិក្ខាសាលាបណ្តោះបណ្តាលដល់សិក្ខាកាមកម្ពុជា ក្រោមគម្រោងលេខ៤៦៕