(ក្រចេះ)៖ ក្រុមប្រជាពលខេត្តក្រចេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្តែងការឈឺចាប់ និងខឹងសម្បាយ៉ាងខ្លាំងចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានសន្យាកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ឬដេកា នៅពេលណាមួយដែលលោកដឹកនាំប្រទេស។
ការសម្តែងការឈឺចាប់បែបនេះ បានកើតឡើងបន្ទាប់ពី ប្រជាពលរដ្ឋទាំងនោះ បានទទួលដំណឹងថា លោក សម រង្ស៊ី ដែលកាលណោះ ជាប្រធានគណបក្សសង្គ្រោះជាតិ បានលួចចុះកិច្ចព្រមព្រៀងជាមួយ មេដឹកនាំជនជាតិភាគតិចវៀតណាមឈ្មោះ កុក ស ដោយសន្យាកាត់ទឹកដី៤ខេត្តខាងលើ ឱ្យទៅជនជាតិដើមភាគតិចវៀតណាមម៉ុងតាញ៉ា ជាអ្នកគ្រប់គ្រង។
ក្រុមពលរដ្ឋខេត្តក្រចេះ បានលើកឡើងថា ដូចៗគ្នាថា «ខ្ញុំមានការឈឺចាប់ណាស់ព្រោះអី ខ្ញុំមិនចង់ឱ្យបាត់បង់ទឹកដីរបស់ខ្ញុំនោះទេ ខ្ញុំកើតលើដីខ្មែរ ខ្ញុំមិនចង់ឱ្យដីរបស់ខ្ញុំ បានទៅលើអ្នកណាគេនោះទេ ខ្ញុំចង់ឱ្យតុលាការកាត់ទោសគាត់ (ទណ្ឌិត សម រង្ស៊ី) តាមផ្លូវច្បាប់ មិនចង់ឱ្យជាប់ឆ្នោតទេ ព្រោះអីប្រសិនបើជាជាប់ប្រហែលជាទឹកដីខ្មែរ អត់មាននៅទៀតទេ គឺអស់អាលីងម៉ង»។
ជាមួយគ្នានេះ ក្រុមពលរដ្ឋបានស្នើយ៉ាងទទូចដល់តុលាការ ឱ្យកាត់ទោសទណ្ឌិតក្បត់ជាតិរូបនេះ ឱ្យខាងតែបាន ពាក់ព័ន្ធនឹងរឿងកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាម ហើយក្រុមប្រជាពលរដ្ឋ បានបន្ថែមថាពួកគាត់មិនគាំទ្រឱ្យ លោក សម រង្ស៊ី បន្តធ្វើនយោបាយដ៏ឆោតល្ងង់បែបនេះ តទៅទៀតឡើយ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងមួយ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះ តំណាងអយ្យការក៏បានចេញដីកាកោះហៅ លោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែលោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕