(ភ្នំពេញ)៖ គម្រោង «ស្រ្តីត្រចះត្រចង់» និង «គម្រោងអភិវឌ្ឍទេពកោសល្យ» ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នាពេលថ្មីៗនេះ ក្រោមអធិបតីភាព លោក សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាឧត្តមទីប្រឹក្សា សមាគមអតីតនិស្សិត សាកលវិទ្យាល័យឆាលស្តឺតកម្ពុជា (CSU-ACA), និងលោក កឹម បូរី ឧត្តមទីប្រឹក្សាសមាគមអតីតនិស្សិត សាកលវិទ្យាល័យ ឆាលស្តឺតកម្ពុជា (CSU-ACA)។
ក្នុងឱកាសដាក់សម្ពោធ គម្រោង «ស្រ្តីត្រចះត្រចង់» និង «គម្រោងអភិវឌ្ឍទេពកោសល្យ» នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក កឹម បូរី បានថ្លែងថា គណកម្មធិការប្រតិបត្តិ នៃសមាគមបានអនុម័តនូវ គម្រោងសកម្ម ភាពចំនួន២ ដែលនឹងចូលរួមចំណែកយ៉ាងផុសផុល ជាមួយរាជរដ្ឋាភិបាល និងក្រសួងសា្ថប័នពាក់ព័ន្ធនានា។
ឧត្តមទីប្រឹក្សាសមាគមអតីតនិស្សិត សាកលវិទ្យាល័យ ឆាលស្តឺតកម្ពុជា (CSU-ACA) រូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រធានគម្រោងទាំង២នេះ និងកោតសរសើរលោកស្រី ឡេង សុម៉ាលី អនុប្រធានសមាគម និងជាប្រធានគម្រោង «ស្រ្តីត្រចះត្រចង់» និងលោក សែមស័ក្តិ សិនា អគ្គលេខាធិការរង និងជាប្រធានស្តីទីគម្រោង ដែលបានបង្កើតគម្រោងទាំងពីរនេះឡើង។
លោក កឹម បូរី បានបន្តទៀតថា «ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្លាយទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដោយបច្ចុប្បន្នកម្ពុជា កំពុងសម្រេចបាននូវគោលដៅ កាត់បន្ថយភាពក្រីក្រ ក្នុងអត្រាជាង១ភាគរយក្នុងមួយឆ្នាំ»។
លោក កឹម បូរី បានសង្កត់ធ្ងន់ថា ពិតណាស់ថា ក្មួយៗសុទ្ធសឹងតែជាសសរទ្រូង នាំប្រទេសជាតិ ដើម្បីចូលរួមលើកកម្ពស់ មុខមាត់ប្រទេស។ ក្មួយៗមានតួនាទី និងភារកិច្ចយ៉ាងសំខាន់នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមចំណែកក្នុងសង្គម តាមរូបភាពផ្សេងៗពីគ្នា។
លោកថា ក្មួយៗ អាចនឹងក្លាយទៅជា ថ្នាក់ដឹកនាំក្នុងវិស័យណាមួយ ដែលជាជំនាញបច្ចេកទេស របស់ក្មួយ ដូច្នេះសូមក្មួយៗ សូមយកគំរូតាម និងអភិវឌ្ឍន៍ខ្លួនឲ្យប្រសើរ ជាងពូៗ និងបងៗជំនាន់មុន ដើម្បីក្លាយជាសសរទ្រូង ដ៏រឹងមាំនៃប្រទេសជាតិ។
សូមជម្រាបថា សមាគមអតីតនិស្សិត សាកលវិទ្យាល័យឆាលស្តឺតកម្ពុជា (CSU-ACA) គឺជាសមាគមមួយ ដែលបានកៀវគរ នូវធនធានមនុស្ស យ៉ាងសម្បូបែប ដើម្បីរៀបចំ ជាគម្រោងសង្គមនានា ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តសុទ្ធសាធ។
សមាគម ធ្លាប់បានចូលរួមនូវសកម្មភាពសង្គម ជាច្រើនកន្លងមក រួមមាន៖ ការដាំដើមឈើ នៅតាមបណ្ដាខេត្ត, ការលាបថ្នាំ ជញ្ជាំង នៅមណ្ឌលសុខភាព, ការចុះជួយចែកអង្ករនៅកាន់អង្គការនានា ការធ្វើបទបង្ហាញតាមទីសាធារណៈ និងគម្រោងជាច្រើនទៀត ដែលស្ថិតនៅក្នុងផែនការសកម្មភាព របស់សមាគម ដើម្បីបម្រើដល់ផលប្រយោជន៍សង្គមជាតិ៕