(ភ្នំពេញ)៖ ​​ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលបានចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។​

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញ បានចុះពិនិត្យហាងកាហ្វេ ផ្លូវលេខ២២៣ ​និងផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រកឃើញជនជាតិវៀតណាម ចំនួន​១៣នាក់ ស្រី​០៥​នាក់ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រោយឃាត់ខ្លួន​ ក្រុមប្រតិបត្តិការបានបញ្ជូនជនជាតិវៀតណាមទាំង​១៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕